លំហូរពាណិជ្ជកម្មកម្ពុជាទៅកាន់ប្រទេសវៀតណាមសម្រេចបានទឹកប្រាក់ជិតរ៥០០លានដុល្លារក្នុងរយៈពេល២ខែ

  ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ ទៅកាន់​ប្រទេស​វៀតណាម នៅក្នុង​រយៈពេល​​ ២ ​ខែ​ដើមឆ្នាំ ​២០២៣ មាន​ជាង ៤៩១​ លាន​ដុល្លារ កើន​ជាង ៣៦ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។

បើគិតពីទំហំពាណិជ្ជកម្ម​ទ្វេរភាគី មាន​ទឹកប្រាក់​ជិត១,១​ ពាន់​លាន​ដុល្លារ​។ វៀតណាម គឺជា​ប្រទេស​ដែលមាន​ទំនាក់​​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ធំ​ទី​៣ ជាមួយ​កម្ពុជា​បន្ទាប់ពី​ប្រទេស​ចិន និង​អាមេរិក​។ នេះ​បើ​យោងតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ក្នុង​ខែមករា​កុម្ភៈ ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំ​ទំនិញ ​ទៅ​ប្រទេស​វៀតណាម ក្នុងតម្លៃ​សរុប៤៩១,១៨ ​លាន​ដុល្លារ កើន៣៦,១​ ភាគរយ​ធៀប​នឹង ៣៦០,៨៤៣ ​លាន​ដុល្លារ កាលពី​អំឡុង​ខែមករា​-​កុម្ភៈ ឆ្នាំ​ ២០២២​។

ជាមួយគ្នានេះ​វៀតណាម ក៏បាន​នាំ​ទំនិញ​មក​កម្ពុជា​វិញ​ចំនួន ៥៩៣,៥៥៧ ​លាន​ដុល្លារ កើន០,៧​ ភាគរយ​ពី​ចំនួន៥៨៩,២៧៨ ​លាន​ដុ​ល្លារ​។ ​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា ដោយសារ​តែមាន​ព្រំប្រទល់​ជាប់​គ្នា​ប្រទេស​ទាំង​២ តែង​នាំ​ទំនិញ​នាំចេញ​ -​នាំចូល​ទៅវិញទៅមក​ច្រើន ដោយ​ចំនួន​ទឹកប្រាក់​ពិតប្រាកដ ​គឺមាន​ច្រើន​លើស​នេះ​ទៀត​។

លោកបន្តថា ភាគច្រើន​នៃ​ផលិតផល​ដែល​កម្ពុជា​ នាំទៅ​វៀតណាម គឺជា​ផលិតផល​ក​សិ​កម្ម ឬ​ជា​វត្ថុធាតុដើម​សម្រាប់​កែច្នៃ​។ លោ​ក​បន្តថា អ្វីដែល​គួរឱ្យកត់សម្គាល់​ពេលនេះ គឺ​ការនាំចេញ​កសិផល​ពី​កម្ពុជា​ទៅ​វៀតណាម កំពុងមាន​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here