បញ្ហាទឹកកខ្វក់នៅខេត្តសៀមរាបកំពុងចាប់ផ្តើមធ្វើបច្ចុប្បន្នភាពបន្ត

  ដោយៈ ម៉ាលីនណា

       សៀមរាបៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យបច្ចុប្បន្នភាព របស់ការិយា​ល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប។

លោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាស្ថានភាពបច្ចុប្បន្នភាពរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យស្ថានភាពបច្ចុប្បន្នភាព ព្រមទាំងប្រមូលធាតុចូលមួយចំនួន ក្នុងការកែសម្រួលរចនាសម្ព័ន្ធរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

ជាមួយគ្នានេះ អង្គប្រជុំទាំងមូលក៏បានផ្តល់នូវបទពិសោធន៍ ក៏ដូចជាធាតុចូលមួយចំនួន ដែលបានសម្រួលដល់ដំណើរការរៀបចំកែសម្រួលនូវរចនាសម្ព័ន្ធ តួនាទីភារកិច្ច និងបែបបទនីតិវិធីបំពេញការ​ងារថ្មីរបស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់នេះផងដែរ។

បន្ថែមពីនេះ លោកប្រធានអង្គប្រជុំ ក៏បានស្នើឱ្យយកគំរូរបស់ខេត្តបាត់ដំបងជាលំនាំគោល សម្រាប់រៀបចំកែសម្រួលតួនាទីភារកិច្ចថ្មី ធ្វើយ៉ាងណាអាចធានាឱ្យបាននូវចរន្តការងារ ដោយរក្សាចំនួនមន្ត្រីបុគ្គលិកបំពេញការងារតាមចំនួនបច្ចុប្បន្ន ក្នុងន័យនេះគឺដើម្បីឱ្យការចំណាយមិនឱ្យលើសពីពេលបច្ចុប្បន្ន។

ជាដំណោះស្រាយ បន្ទាប់ពីអនុវត្តការបញ្ចូលវិក្កយប័ត្រតែមួយរួចរាល់ បញ្ហាប្រឈមនឹងត្រូវបានកាត់បន្ថយ ដែលធ្វើឱ្យចំណូលអង្គភាពនឹងមានការកើនឡើងជាងមុន ហើយករណីបន្ថែមកម្លាំងក៏នឹងត្រូវបានផ្ដល់ជូនតាមស្ថានភាព និងទំហំការងារជាក់ស្តែងផងដែរ។

លោកប្រធានអង្គប្រជុំ បានស្នើឱ្យមន្ត្រីជំនាញទាំងអស់សហការរៀបចំពង្រាងរចនាសម្ព័ន្ធ របស់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសុំយោបល់សម្រេច៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here