ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវមួយតភ្ជាប់ខេត្ត Quang Nam ប្រទេសវៀតណាម ទៅកាន់តំបន់ខ្ពង់រាបកណ្តាល និងប្រទេសជិតខាងត្រូវបានចាប់ផ្តើមកាលពីពេលថ្មីៗនេះដោយក្រសួងដឹកជញ្ជូន និងគណៈកម្មាធិការប្រជាជនខេត្តQuang Nam។
ផ្លូវជាតិលេខ 14E ដែលមានប្រវែង៩០គីឡូម៉ែត្រ តភ្ជាប់ពីភាគខាងកើត និងខាងលិចនៃខេត្ត Quang Nam និងតភ្ជាប់ខេត្តនេះទៅកាន់តំបន់ខ្ពង់រាបកណ្តាល និងប្រទេសកម្ពុជា ឡាវ និងថៃ តាមរយៈផ្លូវ Hồ Chí Minh ។
ខេត្តមួយនេះបានបោះទុនវិនិយោគដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ 14E ប្រវែង១៥គីឡូម៉ែត្រ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ១ និងផ្លូវល្បឿនលឿន Đà Nẵng–Quảng Ngãi ខណៈផ្នែកដែលនៅសេសសល់មានសភាពទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ដែលបង្កើនការកកស្ទះចរាចរណ៍ និងហានិភ័យនៃគ្រោះថ្នាក់។
ក្រោមគម្រោងធ្វើឱ្យប្រសើរឡើងនេះ ផ្លូវប្រវែង៧៤គីឡូម៉ែត្រនឹងត្រូវបានជួសជុលឡើងវិញជាមួយនឹងទុនវិនិយោគសរុបជាង១,៨ពាន់ពាន់លានដុង(៧៥,៨លានដុល្លារ) ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលអគ្គនាយកដ្ឋានផ្លូវនៃប្រទេសវៀតណាម (DRVN) ជាអ្នកវិនិយោគនាំមុខ។
លោក Lê Trí Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានស្នើថា “តំបន់នានាដែលរួមបញ្ចូលក្នុងគម្រោងត្រូវតែធ្វើការជាមួយប្រជាជន និងអ្នកវិនិយោគ ទន្ទឹមនឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាគ្រប់គ្រងគម្រោងសម្រាប់ការសាងសង់ និងការបោសសំអាតដី”។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Nguyễn Văn Thắng បានសង្កត់ធ្ងន់ថា ផ្លូវនេះមិនត្រឹមតែតភ្ជាប់តំបន់វាលទំនាប និងតំបន់ខ្ពង់រាបប៉ុណ្ណោះទេ ថែមទាំងពង្រីកតំបន់អភិវឌ្ឍន៍ Quảng Nam និងតំបន់កណ្តាល ព្រមទាំងជួយជំរុញដល់ពាណិជ្ជកម្មតាមច្រករបៀងសេដ្ឋកិច្ចភាគខាងកើត-ខាងលិចផងដែរ។
នៅពេលដែលបញ្ចប់ គម្រោងនេះនឹងកាត់បន្ថយចម្ងាយផ្លូវសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរវាងតំបន់ខ្ពង់រាបកណ្តាលរបស់វៀតណាម ភាគខាងត្បូងប្រទេសឡាវ ភាគឦសាននៃប្រទេសកម្ពុជា និងប្រទេសថៃ៕