ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) អនុវត្ដគម្រោងជំរុញការលក់ផលិតផលខ្មែរ។
គំរោងនេះ ធ្វើឡើងក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈ ភីធីធី តាមបណ្តារាជធានី-ខេត្តចំនួន១៦បន្ថែមទៀត ខណៈគម្រោងនេះត្រូវបានអនុវត្តក្នុងឆ្នាំ ២០២២ កន្លងទៅទទួលបានជោគជ័យ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៩ ខែមីនា បញ្ជាក់ថា ការលក់ផលិតផលខ្មែរ ក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈ ភីធីធី តាមបណ្តារាជធានី- ខេត្តក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរ ដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើទីផ្សារក្នុងស្រុក ការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍។
ក្រសួងបន្តថា “គម្រោងនេះ បានអនុវត្ដដោយជោគជ័យក្នុងឆ្នាំ២០២២ រួចមកហើយ នៅរាជធានី-ខេត្ដចំនួន ១១ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈ ភីធីធី(PTT)ចំនួន២០”។
នៅឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងសហការពង្រីកការអនុវត្ដ គម្រោងដដែលនៅក្នុងរាជធានី-ខេត្ដចំនួន ១៦ តាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន ១៩ គឺមាននៅរាជធានីភ្នំពេញ ខេត្ដកំពង់ចាម ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដព្រៃវែង ខេត្ដស្វាយរៀង ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដសៀមរាប ខេត្ដបន្ទាយមានជ័យ ខេត្ដកំពង់ស្ពឺ ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដព្រះសីហនុ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត នេះផងដែរ ដោយយោងតាមសារលិខិត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានកិត្ដិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” ដាក់ឱ្យប្រើពាក្យស្លោក “ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ”។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ទៀតថា “ការដាក់តាំងបង្ហាញលក់នៅតាមស្ថានីយប្រេងឥន្ធនៈ ភីធីធី នឹងចាប់ផ្ដើមនៅរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ក្នុងខែមីនា ខែឧសភា ខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ”៕