ផ្សារហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Kaisa ដាំក្បាលចុះដល់ទៅ៤១ភាគរយ ក្រោយពីបើកការជួញដូរឡើងវិញ

ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Kaisa Group Holdings បានដាំក្បាលចុះដល់ទៅ៤១ភាគរយនៅថ្ងៃសុក្រ ទី១០ ខែមីនានេះ បន្ទាប់ពីបានបន្តការជួញដូរក្រោយបានផ្អាកចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយបានលុបចោលតម្លៃទីផ្សាររបស់ក្រុមហ៊ុនចំនួន៣០០លានដុល្លារ។

ក្រុមហ៊ុនអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះ បានចេញផ្សាយលទ្ធផលប្រាក់ចំណូល ដែលបានពន្យារពេលជាយូរមកហើយរបស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍សម្រាប់សារពើពន្ធឆ្នាំ២០២១ និងឆមាសទីមួយនៃសារពើពន្ធឆ្នាំ២០២២ ដោយបានប្រកាសពីការខាតបង់សំខាន់ៗ និងការធ្លាក់ចុះនៃប្រាក់ចំណូល។

ក្រុមហ៊ុន Kaisa គឺជាអ្នកអភិវឌ្ឍន៍មួយក្នុងចំណោមអ្នកអភិវឌ្ឍន៍ជាច្រើនរបស់ប្រទេសចិន ដែលបានខកខានសងបំណុលនៅក្រៅប្រទេសរបស់ពួកគេ បន្ទាប់ពីវិស័យនេះបានធ្លាក់ចូលទៅក្នុងវិបត្តិបំណុលនៅចុងឆ្នាំ២០២១ ចំពេលមានការធ្លាក់ចុះនៃសាច់ប្រាក់ និងការលក់ ដោយបច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួនកំពុងព្យាយាមចូលទៅក្នុងកិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធឡើងវិញជាមួយម្ចាស់បំណុលរបស់ពួកគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Kaisa បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុននេះនឹងនៅតែបន្តមានទំនាក់ទំនងជាមួយម្ចាស់បំណុល និងបោះពុម្ពផ្សាយព័ត៌មានថ្មីៗរបស់ខ្លួនអំពីដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងពេលវេលាដ៏សមស្រប”។

អស់រយៈពេល៦ខែ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន Kaisa បានរាយការណ៍ពីការខាតបង់ចំនួន៧,៦៧ពាន់លានយ័ន(ប្រហែល១,១ពាន់លានដុល្លារ) បើធៀបនឹងប្រាក់ចំណេញចំនួន៣ពាន់លានយ័ន ដែលបានកត់ត្រាកាលពីឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here