ប្រទេសថៃរំពឹងទទួលបានភ្ញៀវទេសចរអឺរ៉ុបចំនួន៦លាននាក់ ក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

បាងកក: អាជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា នឹងទទួលបានភ្ញៀវទេសចរអឺរ៉ុប ចំនួន៦លាននាក់ក្នុងឆ្នាំ២០២៣នេះ ស្មើប្រមាណ៨០% នៃចំនួនភ្ញៀវទេសចរសរុប នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ដែលនឹងផ្ដល់ប្រាក់ចំណូល ជាង១២ពាន់លានដុល្លារអាមេរិក នៃចំណូលសរុប៤២,៩ពាន់លានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំនេះ។

នៅក្នុងព្រឹត្តិការណ៍ ITB Berlin 2023 ដែលជាពិព័រណ៍ទេសចរណ៍ដ៏ធំបំផុតមួយនៅអឺរ៉ុប លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃ (TAT) បានលើកឡើងថា “ខ្ញុំមានជំនឿចិត្តថា ប្រទេសថៃ នៅតែជាគោលដៅទេស​ចរណ៍កំពូលនៅអាស៊ី សម្រាប់ទីផ្សារអឺរ៉ុប”។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា តម្រូវការទេសចរណ៍លំដាប់ខ្ពស់ ក្នុងចំណោមពលរដ្ឋអឺរ៉ុប ប្រហែលជាបន្តរយៈពេលពី១ទៅ២ឆ្នាំ ដែលជួយប្រទេសថៃ បន្សាំទីផ្សារប្រពៃណីទាំងនេះ ទៅនឹងវិស័យទេសចរណ៍ថៃ ជាពិសេសទីផ្សារអង់គ្លេស អាល្លឺម៉ង់ និងរុស្ស៊ី។

ទោះជាយ៉ាងណា ឧបសគ្គនានានៅតែមាន ដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហានិភ័យកើតមានវិបត្តិសេដ្ឋកិច្ច សមត្ថភាពជើងហោះហើរមិនគ្រប់គ្រាន់ និងកង្វះកម្លាំងពលកម្ម នៅក្នុងឧស្សាហកម្មទេសចរណ៍ជាដើម។

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានធ្វើប្រម៉ូសិនដែលមានឈ្មោះថា “មកលេងប្រទេសថៃ ក្នុងឆ្នាំ២០២៣” (Visit Thailand Year 2023) ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសទីផ្សារទេសចរណ៍បែបគុណភាព ដែលស្វែងរកបទពិសោសធន៍ដំណើរកម្សាន្តដ៏មានន័យ និងវិស័យទេសចរណ៍ ដ៏មានទំនួលខុសត្រូវខ្ពស់។

លោកបានបន្ថែមទៀតថា នៅក្នុងត្រីមាសទី២ ដែលជាទូទៅជារដូវកាលខ្សត់ភ្ញៀវ (Low Season) សម្រាប់ភ្ញៀវទេសចរអឺរុប អាជ្ញាធរទេសចរណ៍ថៃ (TAT) នឹងងាកទៅផ្ដោតលើតំបន់មជ្ឈិមបូព៌ា និងប្រទេសចិន វិញម្ដង៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here