សម្តេចតេជោនៅតែចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និងជម្រុញការអភិវឌ្ឍន៍តាមដងទន្លេ

ដោយៈ គង់ ម៉ាលីនណា

    កំពង់ធំៈ  សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា វិស័យអាទិភាព និងជា “មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេកលើកទី៧ នៅខេត្តកំពង់ធំកាលពីថ្ងៃទី៩ មិនាកន្លងមកនេះ។

វិស័យនេះជាមាសបៃតង តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល ជំរុញការនាំចេញនៅនឹងកន្លែង បង្កើនចំណូលជាតិ ទ្រទ្រង់កំណើនសេដ្ឋកិច្ច ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើងប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងបន្តទទួលបាននូវការរីកចម្រើនបន្ថែមទៀត ពីសក្តានុពលនៃធនធានដែលមានទាំង ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រជាដើម។ ប៉ុន្តែមិនត្រូវភ្លេចអំពីកត្តាបុព្វលក្ខខណ្ឌនានា ដែលធានា ដល់ការរីកលូតលាស់ទាំងអស់នេះ ក្នុងនោះមានការធានាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព និងសណ្តាប់ឆ្នាប់ សង្គមពេញលេញក្រោមនយោបាយឈ្នះឈ្នះ ដែលជាកត្តាអនុគ្រោះ សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ក្នុងរយៈពេលវែង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងបានគាំទ្រ និងផ្តល់ អាទិភាពដល់ការអភិវឌ្ឍដែលទ្រទ្រង់ និងគិតគូរដល់ការអភិរក្ស សម្បត្តិធនធានដ៏មានតម្លៃ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវច្បាប់ និងបទដ្ឋានគតិយុត្តនានាសម្រាប់ការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្ស បង្កើនកិច្ចសហការពីសំណាក់ គ្រប់ភាគីពាក់ព័ន្ធ ក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការជាតិអន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ដែលជាយន្តការ ចាំបាច់សម្រាប់ធានាការអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួម ដល់ការទប់ស្កាត់បញ្ហាផ្លាស់ប្តូរ​អាកាសធាតុ សំដៅឆ្ពោះទៅរកការកសាងសេដ្ឋកិច្ច បៃតងនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍបៃតងនៅតំបន់តាមដងទន្លេផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here