ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនិងបទប្បញ្ញត្តិពាក់ព័ន្ធនានានៅសាលាជំនាន់ថ្មី

  ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានសហការជាមួយសាលាជំនាន់ថ្មី និងវិទ្យាល័យព្រះស៊ីសុវត្ថិ រៀបចំវគ្គផ្សព្បផ្សាយ“ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា” ដល់សិស្សា​នុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ ក្នុងសាលារៀន សរុបប្រមាណ៤០០នាក់។

វគ្គផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក សម្យ កំសាន្ត នាយករងទទួលបន្ទុកសាលាជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងតំណាងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកនាយករង សម្យ កំសាន្ត នៅក្នុងកម្មវិធីនេះ បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ដូរក្នុងសាលរៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់ នូវគោលការណ៍សំខាន់នៃច្បាប់ ដែលវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើបទបង្ហាញនៅពេលនេះ និងសូមផ្តល់នូវមតិ យោបល់ និងលើកឡើងនូវសំនួរដើម្បីឱ្យវាគ្មិន ធ្វើការបកស្រាយឱ្យបានច្បាស់លាស់ និងសំណូមពរមន្ត្រីអធិការកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យផលិតផលទំនិញ ពិសេសម្ហូបអាហារ អនុវត្តវិធានការច្បាប់ដោយម៉ឺងម៉ាត់ ដំដៅទប់ស្កាត់ឱ្យបាននូវការធ្វើអាជីវកម្ម មិនសុច្ចរិតក្នុងវិស័យម្ហូបអាហារ។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងថា អនុវត្តអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប ដោយបានទទួលកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពី “ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា“ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តាគ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន។

លោកបានបន្តថា កម្មវិធីផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះ​ទេ តែនៅផ្តល់ឱកាសឱ្យធុរជន ដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿនសេដ្ឋកិច្ចជាតិឱ្យរីកចំរើនទៅមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here