ហ្វីលីពីន​គ្រោងចំណាយ​ថវិកាលើហេដ្ឋារចនាសម្ព័ន្ធ​ប្រចាំ​ឆ្នាំ​រហូតដល់៦ភាគរយ​នៃទំហំGDP

ដោយ: គង់ លាងហួរ
ម៉ានីល: រដ្ឋាភិបាលហ្វីលីពីនគ្រោងទ្រទ្រង់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំរបស់ខ្លួនក្នុងអត្រាចន្លោះពី៥ទៅ៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ។

រដ្ឋលេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ លោក Arsenio Balisacan បានប្រាប់សន្និសីទអាស៊ានមួយថា “អ្វីដែលធ្វើឱ្យគោលដៅរបស់យើងមានមហិច្ឆតានោះគឺការពិតដែលថាទំហំសារពើពន្ធនៅមានកម្រិត ប៉ុន្តែមានកន្លែងច្រើនណាស់នៅក្នុងផ្នែកផ្សេងទៀតដែលអាចប្រើប្រាស់បាន ដែលនេះជាមូលហេតុសំខាន់សម្រាប់យើងក្នុងការបង្កើតបរិយាកាសអំណោយផល និងលើកទឹកចិត្តដល់ការចូលរួមពីវិស័យឯកជននៅក្នុងគម្រោងរបស់យើង”។

ដោយមើលឃើញពីទំហំសារពើពន្ធនៅមានកម្រិតនេះហើយ ទើបរដ្ឋបាលរបស់លោកប្រធានាធិបតី Ferdinand Romualdez Marcos បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តដ៏រុឹងមាំរបស់ខ្លួនក្នុងការផ្តល់អាទិភាពដល់ភាពជាដៃគូសាធារណៈ និងឯកជន (PPPs) ក្នុងការគាំទ្រ និងបំពេញបន្ថែមលើការជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Arsenio Balisacan បានបន្តថា “ការផ្តល់អាទិភាពដល់ភាពជាដៃគូសាធារណៈ និងឯកជន (PPPs) នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាចទាញយកធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យារបស់វិស័យឯកជន និងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងហានិភ័យ និងឱកាសទីផ្សារក្នុងលក្ខណៈរហ័សរហួន និងសមត្ថភាពគ្រប់គ្រងគម្រោងខ្នាតធំ”។

លោក Balisacan បានបង្ហាញពីទំនុកចិត្តលើជំហររបស់ហ្វីលីពីនថាជាជម្រើស ដែលអាចសម្រេចបានសម្រាប់សហគមន៍វិនិយោគ ខណៈវាបន្តរីកចម្រើនជាមួយនឹងរបៀបវារៈសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ប្រទេសហ្វីលីពីនគ្រោងនឹងផ្លាស់ប្តូរសេដ្ឋកិច្ច និងសម្រេចបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព តាមរយៈកម្មវិធីយុទ្ធសាស្ត្រ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផងដែរ។

លោក Balisacan បានធានាដល់អ្នកវិនិយោគឯកជនថា “រដ្ឋាភិបាលកំពុងជំរុញយ៉ាងសកម្មសម្រាប់កំណែទម្រង់សំខាន់ៗចំពោះក្របខ័ណ្ឌបទប្បញ្ញត្តិ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជនកាន់តែច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ”។

លោកបានបន្ថែមថា “មិនដែលមានពេលវេលាល្អប្រសើរក្នុងការវិនិយោគនៅក្នុងប្រទេសហ្វីលីពីនជាងពេលនេះទេ ប្រទេសហ្វីលីពីនទទួលស្វាគមន៍ទាំងអស់ ហើយពិតជាបើកចំហសម្រាប់អាជីវកម្ម” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here