រដ្ឋាភិបាលអនុម័តទុនវិនិយោគ៦៤០០លានដុល្លារតាមកម្មវិធី ថ្នាលបច្ចេកវិទ្យា

 ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​អាជីវកម្ម ​តាម​ថ្នាល​បច្ចេកវិទ្យា បាន​កើន​ដល់ទំហំទឹកប្រាក់៦,៤​ ពាន់​លាន​ដុល្លារ ក្នុងនោះ​វិស័យ​អចលនទ្រព្យ និង​សំណង់ មាន​ដើមទុន​ចុះបញ្ជី​ជិត១,៧៧​ពាន់​លាន​ដុល្លារ ឬ​ស្មើ​ជាង១/៤ ​នៃ​ចំណែក​ទីផ្សារ​សរុប​។

នេះ​បើ​យោងតាម​សេវា​​កម្ម Online Business Registration Service នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុឱ្យដឹងថា សម្រាប់​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ​ដំណាក់​​កាល​ទី​១ គិត​ត្រឹម​ថ្ងៃទី ​៦ ខែមីនា ឆ្នាំ ​២០២៣ វេលា​ម៉ោង​ ២ រសៀល គឺ​ចំនួន​ក្រុមហ៊ុន​ ដែល​ចុះបញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal សរុបមាន​ចំនួន២២,៧១៣​ក្រុមហ៊ុន។ ចំណែក​ក្រុមហ៊ុន​ទទួល​ជោគ​​ជ័យ​ លើ​ការសុំ​នាម​ករ​ណ៍​បម្រុង​ទុក ចំនួន១៣,៩៤៧ ខណៈ​ការស្នើសុំ​នាម​ករ​ណ៍​ បម្រុង​ទុកចំនួន២ ត្រូវបាន​បដិសេធ​។ ជា​សរុប​ចំនួន​ដើមទុន​ចុះបញ្ជី​មានតម្លៃ៦,៤ពាន់​លាន​ដុល្លារ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​ក្រសួង​សេដ្ឋកិច្ច សម្រាប់​សកម្មភាព​នៃ​អាជីវកម្ម​ទាង ៥ ដែលមាន​ដើមទុន​ចុះបញ្ជី​ច្រើនជាងគេ គឺ​ផ្នែក​សាង​​សង់ មាន​ដើមទុន១,០៣​ ពាន់​លាន​ដុល្លារ ស្មើ១៦​ភាគរយ​នៃ​ចំនួន​ដើមទុន​សរុប​ប្រមាណ៦,៤០​ ពាន់​លាន​ដុល្លារ​។ ផ្នែក​អចលនទ្រព្យ ​(​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​) មាន៧៣៩​លាន​ដុល្លារ ស្មើនឹង១២ ភាគរយ​, សកម្មភាព​ពិគ្រោះ​​យោបល់ ​ផ្នែក​គ្រប់គ្រង៣៥៤​លាន​ដុល្លារ ស្មើ៦ ​ភាគរយ​ សកម្មភាព​អន្តរការី​រូបិយវត្ថុ​មាន​ដើមទុន៣៣២ ​លាន​ដុល្លារ ស្មើ៥​ភាគរយ​។ ផ្នែក​កម្មន្តសាល​សម្លៀក​បំពាក់ ​(​លើកលែងតែ​សម្លៀកបំពាក់​ធ្វើ​ពី​រោមសត្វ​) មាន​ទុន៣០៩លាន​ដុល្លារ ស្មើ​៥​ភាគរយ​និង​ផ្នែក​ផ្សេងៗ​មាន​ដើមទុន៣,៦៣​ពាន់​លាន​ដុ​ល្លារ ស្មើ៥៧​ភាគរយ​។​

បន្ទាប់ពី​បានធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់ ​លើ​នីតិវិធី​ចុះបញ្ជី​ក្រុមហ៊ុន​ឱ្យ​កាន់តែ​ងាយស្រួល​ ស្របតាម​បរិបទ​បដិវត្តន៍​ឧស្សា​​ហក​ម្ម៤.០ រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​ ២០២០ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម ​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន “Single Portal”ដោយបាន​ដាក់​ក្រសួង​​ស្ថាប័នរដ្ឋ ចំនួន​៦គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​, ក្រសួងមហាផ្ទៃ​, ក្រសួង​ពា​​ណិ​ជ្ជ​កម្ម​, ក្រសួង​ការងារ​, អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈ​កំណែទម្រង់​របស់​រដ្ឋាភិបាល​ លើ​ការចុះបញ្ជី​ក្រុមហ៊ុន​អាជីវកម្ម ​ដោយ​ប្រើ​ប្រ​ព័ន្ធ​បច្ចេកវិទ្យា ដែលមាន​ភាពងាយស្រួល​ក្នុង​រយៈពេល​ជិត៣​ឆ្នាំ​មកនេះ គេ​សង្កេតឃើញ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវ​កម្មបាន​កើន​ឡើងជា​លំដាប់​។

លោកបន្តថា “ការចុះបញ្ជី​ក្រុមហ៊ុន​តាមច្បាប់ គឺ​មិន​ត្រឹមតែ​ជួយ​ឱ្យ​រដ្ឋាភិបាល​មាន​ភាពងាយស្រួល​គ្រប់គ្រង ការប្រមូល​ពន្ធ និង​ជួយ​ធ្វើឱ្យ​ការប្រកួតប្រជែង ​ក្នុង​មុខ​ជំនួញ​កាន់​តែមាន​តម្លាភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឱ្យ​រដ្ឋាភិបាល​ដឹង​ច្បាស់​ពី ​ប្រភេទ​អាជីវកម្ម​ដែល​កំពុងមាន​ប្រតិបត្តិ​ការល្អប្រសើរ ឬ​មាន​បញ្ហា​ប្រឈម ដើម្បី​ដាក់ចេញ​នូវ​គោលនយោបាយ ឬ​វិធាន​ការជួយ​គាំទ្រ​នានា”​។​

​លោកឧកញ៉ាលឹម ហេងបាន​បន្តថា ទន្ទឹមនឹងនោះ​ផ្នែក​ឯកជន ក៏​អាច​ដំណើរការ​អាជីវកម្ម​ដោយ​ពេញ​មុខមាត់ និង​មានច្បាប់​ការពារ​ផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here