សភាអាមេរិកកំពុងប្រទាំងប្រទើសគ្នាជុំវិញបំណុល៣១ទ្រីលានដុល្លារ នៅមុន ចូ បៃឌិនដាក់សំណើថវិកា២០២៤

ដោយៈ សុខុម

វ៉ាស៊ីនតោន: ក្រុមសមាជិកសភាអាមេរិក ដែលមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ មិនបានបង្ហាញសញ្ញាស្រុះស្រួលគ្នានោះឡើយ បន្ទាប់ពីកិច្ចប្រជុំស្ដីពីបំណុលចំនួន៣១ទ្រីលានដុល្លារ របស់ប្រទេសនេះកាលពីថ្ងៃពុធ ទី៨ ខែមីនា ពោលគឺមួយថ្ងៃមុនពេលប្រធានាធិបតី ចូ បៃឌិន គ្រោងនឹងបង្ហាញផែនការចំណា​យរបស់រដ្ឋាភិបាលលោកសម្រាប់ឆ្នាំ២០២៤។

 

លោកចូ បៃឌិន បានអះអាងថា សំណើរបស់លោកនឹងកាត់បន្ថយឱនភាពរបស់សហរដ្ឋអាមេរិក បានជិត៣ទ្រីលានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ទោះបីជាវាត្រូវពឹងផ្អែកលើការដំឡើងពន្ធយ៉ាងណាក្ដី ខណៈគណបក្សសាធារណរដ្ឋ កំពុងជំរុញឱ្យមានការកាត់បន្ថយការចំណាយក្នុងស្រុក ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា នេះ។

កិច្ចប្រជុំបិទទ្វារ សម្រាប់ក្រុមសមាជិកសភាតំណាងរាស្រ្ដនេះ ធ្វើឡើង ក្នុងបំណងបង្កើតចំណុចរួមមួយ សម្រាប់ការជជែកដេញដោលពីសំណាក់លោក Phillip Swagel ប្រធានការិយាល័យថវិកាសភាមិនចូលបក្សសម្ព័ន្ធដែលបានព្រមានថា បំណុលសហព័ន្ធនឹងកើនលើសទំហំសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ទាំងមូលនៅទស្សវត្សរ៍ក្រោយ ប្រសិនបើគ្មានការចាត់វិធានការម៉ឺងម៉ាត់ទេនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Mike Lawler តំណាងរាស្រ្តមកពីគណបក្សសាធារ​ណរដ្ឋបានថ្លែងថា “វាពិតជាមានសារៈសំខាន់ ដែលសមាជិកនៃគណបក្សទាំងពីរទទួលបានព័ត៌មាន និងអាចពិនិត្យផ្ទៀងផ្ទាត់វាជាមួយគ្នា”។ លោកបន្តថា “ជាក់ស្ដែង យើងមិនយល់ស្របគ្នាគ្រប់ពេលនោះទេ។ ប៉ុន្តែនិយាយដោយត្រង់ទៅ ខ្ញុំយល់ថា នោះជាផ្នែកមួយនៃបញ្ហានៅវ៉ាស៊ីនតោន។ យើងគ្មានឱកាសគ្រប់គ្រាន់ ដើម្បីធ្វើរឿងទាំងនេះជាមួយគ្នានោះទេ”។

គណបក្សសាធារណរដ្ឋ មានសំឡេងភាគច្រើននៅក្នុងសភា ខណៈគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើននៅព្រឹទ្ធសភា។

សេតវិមាននិយាយថា តាមការរំពឹងទុក ផែនការថវិការបស់លោក ចូ បៃឌិន នឹងពន្យារអាយុកាលនៃផែនការថែរទាំសុខភាព Medicare សម្រាប់ពលរដ្ឋអាមេរិក ដែលមានវ័យចាប់ពី៦៥ឆ្នាំឡើងទៅ ខណៈដំឡើងពន្ធលើក្រុមមហាសេដ្ឋី និងពលរដ្ឋដែលមានប្រាក់ចំណូលខ្ពស់។

ទោះជាយ៉ាងណា តាមការរំពឹងទុក គណបក្សសាធារណរដ្ឋនឹងធ្វើបច្ចុប្បន្នភាពនៅត្រឹមថ្ងៃទី១៥ ខែមេសា ហើយបាននិងកំពុងសម្លឹងរកឱកាសកាត់បន្ថយ ការចំណាយ១៥០ពាន់លានដុល្លារ នៅក្នុងកម្មវិធីមិនមែនវិស័យការពារជាតិសម្រាប់ឆ្នាំ២០២៤ ដែលនឹងកំណត់ការចំណាយឡើងវិញ ឱ្យឈានដល់កម្រិតឆ្នាំសារពើពន្ធ២០២២ និងសន្សំសំចៃបាន១,៥ទ្រីលានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍តាមរយៈការរក្សាការដំឡើងការចំណាយប្រចាំឆ្នាំ១%៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here