កម្ពុជា-សាធារណរដ្ឋស្លូវ៉ានី ជួបពិភាក្សាគ្នាក្នុងការពង្រឹងនិងពង្រីកកិច្ចប្រតិបត្តិការលើអន្តរវិស័យ

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកស្រី Tanja Fajon ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ធនធានទឹក និងទេសចរណ៍រវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋស្លូវានី។

យោងតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះថា នៅក្នុងកិច្ចពិភាក្សានេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវអំពីសមិទ្ធិផលថ្មីៗដែលកម្ពុជាសម្រេចបាន ក្នុងនាមជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលធំៗជាច្រើនមកពីទូទាំងសកលលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះទៀត លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រី និងសហការីអំពីសមិទ្ធផល ដែលកម្ពុជាសម្រេចបាននាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលក្នុងនោះរួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាង (CKFTA) និងកម្ពុជាកំពុងត្រៀមនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនាពេល (Cambodia-UAE CEPA) ផងដែរ។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមន្សរីករាយដែលបានជួបសំណេះសំណាល ការងារជាមួយនឹងលោករដ្ឋមន្រ្តី ដោយក្នុងនោះ លោកស្រីបានលើកឡើងថា បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូវិត-១៩ មានការថមថយ ប្រទេសនៅក្នុងសហភាពអ៊ឺរ៉ុបមួយចំនួនបាន នឹងកំពុងផ្តោតការចាប់អារម្មណ៍ មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះសាធារណរដ្ឋស្លូវានី បានផ្តោតការចាប់អារម្មណ៍ និងការកោតសរសើរខ្លាំង ចំពោះការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ប្រ​ទេសកម្ពុជា តាមរយៈសុខសន្តិភាព ស្ថេរភាពនយោបាយ និងសមិទ្ធិផលសម្រេចបានធំៗជាច្រើន និងជាបន្តបន្ទាប់។

បន្ថែមពីនេះ លោកស្រី ក៏បានបង្ហាញអំពីគោលបំណងក្នុងការពង្រឹង កិច្ចប្រតិបត្តិការជាមួយប្រទេសកម្ពុជា លើវិស័យពាក់ព័ន្ធមួយចំនួនដូចជា៖ វិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ធនធានទឹក ការប្រែប្រួលអាកាសធាតុ សមភាពស្រ្តី និងវិស័យទេសចរណ៍ ដើម្បីអាចផ្តល់នូវផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here