បុណ្យទន្លេៈក្រសួងទេសចរណ៍ណែនាំឱ្យមូលដ្ឋានអាជីវកម្មខេត្តកំពង់ធំពង្រឹងគុណភាពសេវាកម្មជូនភ្ញៀវ

   ដោយៈ គង់ ម៉ាលីនណា

    កំពង់ធំៈ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឆ្ពោះទៅអបអរពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ និងក្រសួងទេសចរណ៍បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ និងតំណាងមូលដ្ឋានអាជីវកម្មទេសចរណ៍ ឱ្យចូលរួមពង្រឹងគុណភាព សេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរ។

សិក្ខាសាលាស្ដីពី ការពង្រឹងគុណភាពសេវាកម្ម ទេសចរណ៍ឆ្ពោះទៅអបអរពិធីបុណ្យទន្លេលើកទី៧នេះ ធ្វើឡើងនាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ អមជាមួយនិងពិធីចែកបណ្ណសរសើរ និងលិខិតសរសើរដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលមានស្នាដៃល្អ។

លោកទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត និងប្រតិបត្តិករទេស​ចរណ៍សរុបប្រមាណ៣៥០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យទន្លេលើកទី៧នេះ និងដើម្បីអនុវត្តតាមខ្លឹមសារ នៃសារលិខិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ លោកទិត ចន្ថា បានស្នើដល់អាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាកម្មជូនភ្ញៀវប្រកបដោយគុណភាពល្អប្រសើរ និងមិនត្រូវដំឡើងថ្លៃសេវាកម្មច្រើនហួស ដែលអាចបង្កជារូបភាពមិនល្អ នាំឱ្យប៉ះពាល់ដល់គោលដៅទេសចរណ៍ខេត្តកំពង់ធំឡើយ។

លោកបានបន្តណែនាំឱ្យមូលដ្ឋាន អាជីវកម្មទេសចរណ៍ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយសេវាកម្មត្រូវតែល្អស្ថិតក្នុងកម្រិតស្ដង់ដា និងប្រកបដោយទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ស្របតាមយុទ្ធនាការ “សេវាមួយ ស្ដង់ដាមួយ”។

ទន្ទឹមនឹងនេះ អាជីវកម្មទាំងអស់ ក៏ត្រូវពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដោយផ្ដើមចេញពីការអនុវត្តប្រចាំថ្ងៃ និងបំពេញតាមតម្រូវការភ្ញៀវបច្ចុប្បន្នចូលចិត្តកន្លែងស្អាត មានសេវាល្អ គុណភាព និងអនាម័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here