ការបើក​ច្រកព្រំដែនថ្មីថ្មដាក្នុងខេត្តពោធិសាត់ប្រទេសថៃ មិនទាន់កំណត់ពេលជាក់លាក់

ដោយៈ គង់ ម៉ាលីនណា

    ភ្នំពេញៈ អភិបាលខេត្តពោធិ៍សាត់ លោកខួយ រីដាបានបង្ហាញកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តពោធិ៍សាត់ ក្នុងកិច្ចការងារជំរុញធ្វើយ៉ាងណា បើកច្រកព្រុំដែនអន្ដរជាតិថ្មដា រវាងកម្ពុជា-ថៃ។

ប៉ុន្តែការបើកច្រកព្រំដែននេះ ពុំទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលើកឡើងរបស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ។

លោកខូយ រីដា ថ្លែងបញ្ជាក់ថា ចំពោះការបើកច្រកព្រំដែនអន្ដរជាតិថ្មដានេះ យើងកំពុងតែគិតគូរ និងជំរុញលើកិច្ចការងារនេះជាមួយភាគីថៃ​ ខណៈបច្ចុប្បន្ននេះភាគីទាំងពីរកម្ពុជា-ថៃ បាននិងកំពុងតែជំរុញលើកិច្ចការងារនេះ”។

លោកបានបន្ដថា ដើម្បីពន្លឿនក្នុងការជំរុញ លើកិច្ចការបើកច្រកព្រំដែននេះ អាជ្ញាធរកំពុងគិតគូររួមគ្នាបង្កើតផ្សារណាត់ ដោយនឹងរៀបចំធ្វើផ្សារណាត់ចល័តមួយ ដើម្បីឲ្យប្រជាជននៃខេត្តត្រាត អាចយកទំនិញមកលក់ដូរ នៅខេត្តពោធិ៍សាត់បាន ហើយប្រជាជននៃខេត្តពោធិ៍សាត់ ក៏អាចយកទំនិញមកលក់ដូរ នៅខេត្តត្រាតបានដែរ ក្នុងនោះភាគីថៃតម្រូវឲ្យកម្ពុជាមានអង្ករ, ត្រីងៀត និងផលិតផលផ្សេងៗជាច្រើនទៀត ដើម្បីលក់លើផ្សារណាត់។

លោកបានបន្តថា ថ្ងៃនៃការបើកជាក់លាក់ ពុំអាចទាន់កំណត់បានឡើយ ប៉ុន្ដែអ្វីដែលយើងបាន និងកំពុងធ្វើ គឺមានន័យថា កំពុងតែបន្ដដំណើរទៅមុខហើយ។ ជាក់ស្ដែងថ្ងៃទី៣១ ខែមីនានេះខាងមុខនេះភាគីថៃនឹងនាំវិនិយោគ ទេសចរណ៍ ចូលមកដំណើរកំសាន្ដក្នុងឃុំអូសោម ខេត្តពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត។

ច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ស្ថិតនៅទល់នឹងច្រកទ្វារព្រំដែនបានថាសែនខេត្តត្រាត ស្ថិតក្នុងច្រកព្រំដែនចំនួន៣ ដែលកម្ពុជា-ថៃ កំពុងជំរុញឲ្យក្លាយជាច្រកអន្តរជាតិ ដែលច្រកពីរទៀត ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ទល់ច្រកទ្វារព្រំដែនអានម៉ា ខេត្តឧប៊ុនរាជធានី និង ច្រកទ្វារព្រំដែនជប់គគី ខេត្តឧត្តរមានជ័យ ទល់នឹងច្រកទ្វារព្រំដែនតាគូ ខេត្តបូរីរ៉ាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here