កម្មកររោងចក្រដែលរងផលប៉ះពាល់ពីការព្យួរកិច្ចសន្យាការងារនឹងទទួលបានទឹកប្រាក់ឧបត្ថម្ភ៧០ដុល្លារក្នុងមួយខែ

ដោយៈ លក្ខិណា

ភ្នំពេញៈ  បន្ទាប់ពីមានការណែនាំចង្អុល ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ់ៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សាជាមួយភាគីនិយោជកស្ដីពី ការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការនី រោងចក្រ ដែលរងផលប៉ះពាល់ដោយសារតែការព្យួរកិច្ចសន្យាការងារ។

នៅទីបំផុតភាគីរោងចក្រ និងរដ្ឋាភិបាលបានព្រមព្រៀងក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កម្មករមួយខែ៧០ដុល្លារអាមេរិក ក្នុងនោះភាគីថៅកែយល់ព្រមផ្ដល់៣០ដុល្លារ ហើយខាងរដ្ឋាភិបាលផ្ដល់៤០ដុល្លារ។

ក្នុងកិច្ចប្រជុំរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួ​ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើងកាបូបនិងសម្ភារៈធ្វើដំណើរនៅថ្ងៃទី៧ មីនា ២០២៣ បានលើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តា នៃការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់ កន្លងមកពីវិបត្តិជំងឺកូវីដ-១៩ផងនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញថា ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាននឹងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាព នៅពេលណានោះឡើយ។ បន្ថែមពីនេះការចំណាយផ្សេងៗ ក៏មិនទាន់អាចកាត់បន្ថយបានសម្រាប់ការផលិត និងការនាំចេញ។

លោកបន្ត “តំណាងវិស័យឯកជន បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់នូវការគិតគូខ្ពស់ជួយសម្រួលដល់វិស័យឯកជន ដើម្បីអាចរក្សាលំនឹងអាជីវកម្មផលិតកម្មរបស់ខ្លួន ហើយជួយដល់បងប្អូនកម្មករ និយោជិតអាចរក្សាការងាររបស់ខ្លួន និងប្រាក់ចំណូលដោះស្រាយជីវភាព ក្នុងពេលគ្រាមានវិបត្តិកើតឡើង”។

លោកអ៊ិត សំហេងបានសំដែងនូវការអរគុណ ចំពោះវិស័យឯកជន ជាពិសេសដៃគូសមាគមនិយោជក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងអំឡុងពេលអនុវត្តន៍ នូវកញ្ចប់វិធានការរបស់រដ្ឋាភិបាល ១០ជុំកន្លងមក ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។

កិច្ចប្រជុំក៏បានឯកភាពគ្នាលើសេណារីយ៉ូ នៃការអនុវត្តនូវកិច្ចអន្តរាគមន៍ ជួយផ្តល់សាច់ប្រាក់ដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអនុវត្តដូចដែលក្រសួ​ង បានផ្តល់ជូនក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិតរបស់យើង។

អំឡុងពេលដែលរោងចក្រ បានព្យួរកិច្ចសន្យាការងារនេះ ដោយរាជរដ្ឋាភិបាល នឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០ដុល្លារ និងខាងរោងចក្រឧបត្ថម្ភចំនួន៣០ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here