រយៈពេល៣ឆ្នាំក្រសួងសាធារណការលក់ផ្លាកលេខពិសេសនិងពិសេសផ្ទាល់ខ្លួនបានចំណូលជាង៥០លានដុល្លារ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គិតមកដល់បច្ចុប្បន្ននេះ មានរយៈពេល៣ឆ្នាំហើយដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់លក់ផ្លាកលេខពិសេសនិងផ្លាកលេខពិសេសផ្ទាល់ខ្លួន សម្រាប់បំពាក់តាមយានយន្តនៅក្នុងប្រទេស ដែលក្នុងរយៈពេល៣ឆ្នាំនេះ ទាំងផ្លាកលេខពិសេសនិងលេខពិសេសផ្ទាល់ខ្លួន មានចំនួន១១ម៉ឺន៧ពាន់ផ្លាកលេខ និងរកចំណូលបានជាង៥០លានដុល្លារអាមេរិក។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អបអរខួប៣ឆ្នាំ នៃការដាក់លក់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួនកាលពីព្រឹកថ្ងៃទី៧ មីនា ២០២៣ ឱ្យដឹងថា ផ្លាកលេសពិសេសគឺសំដៅលើផ្លាកលេខដែលផ្ដើមចេញដោយភ្នំពេញ ឬខេត្តផ្សេងៗតែគេអាចកុម្ម៉ង់លេខដែលខ្លួនពេញចិត្តបាន ហើយលេខពិសេសនោះក្នុងរយៈពេល៣ឆ្នាំ ក្រសួងលក់បានចំនួន១ម៉ឺន១ពាន់លេខ ដែលរកចំណូលថវិកាបានប្រមាណ២៥លានដុល្លារអាមេរិក។

លោកបន្តថា សម្រាប់ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺសំដៅលើផ្លាកលេខដែលមានកម្ពុជា។ ក្នុងរយៈពេល៣ឆ្នាំដូចគ្នា ផ្លាកលេខពិសេ​សផ្ទាល់ខ្លួននេះដែរ ក្រសួងលក់បានសរុបចំនួន១ម៉ឺន៦ពាន់ផ្លាកលេខ ដែលអាចរកចំណូល បានប្រមាណ២៨លានដុល្លារអាមេរិក ។ដោយឡែកក្នុងឆ្នាំ២០២២កន្លងទៅនេះ ការលក់ផ្លាកលេខទាំងផ្លាកលេខពិសេសនិងផ្លាកលេខពិសេសផ្ទាល់ខ្លួន រកចំណូលបានជាង២៣លានដុល្លារសហរដ្ឋអាមេរិក ដែលមានការកើនឡើងប្រមាណ២២ភាគរយធៀបនឹងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានជំរុញ និងអំពាវនាវឱ្យម្ចាស់យានយន្ត និងជាអ្នកមានលទ្ធភាព និងជីវភាពធូរធារ ទិញផ្លាកលេខពិសេសឱ្យបានច្រើន ដើម្បីចំណូលថវិការបស់ជាតិផង និងសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិង មន្ទីរពេទ្យកុមារជាតិផងដែរ។

លោកក៏បានបញ្ជាក់ផងដែរ ថាបច្ចុប្បន្ននេះ ក៏មានវែបសាយក្លែងក្លាយលក់ផ្លាកលេខពិសេស ទៅដល់ប្រជាពលរដ្ឋដោយមានក្រុមហ៊ុនក្លែងក្លាយរត់ការធ្វើលេខពិសេស ដល់អ្នកដែលចង់បានលេខពិសេស ដូច្នេះពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីនេះ ហើយត្រូវឆែកមើលវែបសាយរបស់ក្រសួង ដើម្បីស្នើសុំនិងធ្វើលេខពិសេសជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here