ក្រសួងពាណិជ្ជកម្មបណ្តុះបណ្តាលមន្រ្តីពីបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោកផាន អូន និង លោកស្រី គង់ ដារ៉ែន ចូលរួមជាគណៈអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត”។

កម្មវិធីបណ្តុះបណ្តាលនេះ បានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពពីលោកផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. សមាជិកនិងជាប្រធានលេខាធិការដ្ឋាននៃ គ.ប.ក. រួមជាមួយ លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជនGIZ  បានចូលរួមជាគណៈអធិបតី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង និងបទប្បញ្ញត្តិសម្រាប់ការអនុវត្ត” ដែលសហការរៀបចំដោយ អគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារ GIZ ដោយមានការចូលរួមពីសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបចំនួន ៣០០ នាក់។

ក្នុងឱកាសនោះ លោកផាន អូនបានថ្លែងថា វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងដើរតួជាវេទិកាមួយក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹង ដល់សមាជិក គ.ប.ក.  ដែលជាបុគ្គលឯករាជ្យ ព្រមទាំងមន្រ្តីអនុវត្តច្បាប់ឱ្យបានយល់ដឹងកាន់តែទូលំទូលាយ អំពីច្បាប់ស្តីពីការប្រកួតប្រជែង ជាពិសេសប្រកាសអន្តរក្រសួងចំនួន១ ប្រកាសចំនួន៣ និងសេចក្តីសម្រេចចំនួន១ ដែលរួមមាន៖

(១.) ច្បាប់ស្តីពីការប្រកួតប្រជែង

(២.) ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេតក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។

(៣.) ប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ។

(៤.) ប្រកាសស្ដីពីបែបបទនិងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្ដោះអាសន្ន និង/ឬសេចក្ដីសម្រេចរបស់ គ.ប.ក.។

(៥.) ប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការផាកពិន័យជា ប្រាក់លើអំពើល្មើសនឹងច្បាប់ស្ដីពីការប្រកួតប្រជែង និង

(៦.) សេចក្ដីសម្រេចស្តីពីបែបបទនិងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ ចំពោះបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ដល់សមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យ និងមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជំរុញឱ្យមានការអនុវត្តច្បាប់ និងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្កិសិទ្ធភាព។

លោកផាន អូនបានរំលឹកថា ក្នុងឆ្នាំ២០២២ កន្លងមក អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយទីភ្នាក់ងារ GIZ បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ “បទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង» បានចំនួន ០៨ លើករួចមកហើយ និងចុះផ្សព្វផ្សាយនៅទូទាំងរាជធានី ខេត្ត ដល់មន្រ្តីអនុវត្តច្បាប់ និងភាគីពាក់ព័ន្ធ ទៅតាមចង្កោមរាជធានី ខេត្តបានចំនួន៤លើក លើប្រធានបទ “ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here