អាមេរិក កំពុងកៀរគរការគាំទ្រពីសម្ព័ន្ធមិត្តសម្រាប់ទណ្ឌកម្មដែលអាចកើតមានលើមហាយក្សចិន ជុំវិញសង្គ្រាមអ៊ុយក្រែន

សុខុម

វ៉ាស៊ីនតោន: ប្រភពច្បាស់ការទម្លាយឱ្យដឹងថា សហរដ្ឋអាមេរិក កំពុងពិភាក្សាជាសម្ងាត់ជាមួយបណ្ដាសម្ព័ន្ធមិត្តអំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មថ្មីលើប្រទេសចិន ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង ហ៊ានផ្តល់ការគាំទ្រផ្នែកយោធាដល់ប្រទេសរុស្ស៊ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែន។

ការពិគ្រោះយោបល់ដែលនៅស្ថិតក្នុងដំណាក់កាលបឋមនៅឡើយនេះ គឺធ្វើឡើងក្នុងគោលបំណងកៀរគរការគាំទ្រពីប្រទេសជាច្រើន ជាពិសេសបណ្ដាប្រទេសមហាអំណាចក្នុងក្រុមប្រទេសអ្នកមាន G7 ដើម្បីសម្របសម្រួលការគាំទ្រសម្រាប់ការរឹតបន្តឹងណាមួយដែលអាចកើតមាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ច្បាស់ទេថា តើទណ្ឌកម្មអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងស្នើឡើងដើម្បីដាក់ទៅលើប្រទេសចិន ខណៈការជជែកពិភាក្សាមុនៗជុំវិញបញ្ហានេះមិនត្រូវបានទម្លាយឱ្យដឹង។

ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលជាទីភ្នាក់ងារនាំមុខគេផ្នែកដាក់ទណ្ឌកម្ម បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះឡើយជុំវិញរឿងនេះ។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងបណ្ដាសម្ព័ន្ធមិត្តបានលើកឡើងក្នុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះថា ប្រទេសចិន កំពុងពិចារណាផ្តល់សព្វាអាវុធដល់ប្រទេសរុស្ស៊ី ប៉ុន្តែត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង បដិសេធថាមិនមែនជាការពិតនោះឡើយ។ ហើយក្រុមទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ក៏មិនបានផ្តល់ភ័ស្តុតាងជាសាធារញណៈនោះដែរ។

សហរដ្ឋអាមេរិក ក៏បានព្រមានប្រទេសចិន ដោយផ្ទាល់ផងដែរប្រឆាំងនឹងការផ្ដល់សព្វាវុធដល់រុស្ស៊ី សម្រាប់សង្គ្រាមនៅអ៊ុយក្រែន រួមទាំងនៅក្នុងជំនួបរវាងលោក ចូ បៃឌិន និងប្រធានាធិបតីចិន ស៊ី ជីនភីង ក៏ដូចជាអំឡុងជំនួបផ្ទាល់កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងទៅរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅខាងក្រៅសន្និសីទសន្តិសុខពិភពលោកនៅទីក្រុងមូនិច (Munich) ប្រទេសអាល្លឺម៉ង់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here