សកម្មភាពរោងចក្រនិងផលិតកម្មនៅប្រទេសចិនស្ទុះងើបឡើងវិញលឿនបំផុតនៅក្នុងខែកុម្ភៈ

ដោយ: គង់ លាងហួរ

ប៉េកាំង: សកម្មភាពរោងចក្រ និងផលិតកម្មនៅប្រទេសចិនបានងើបឡើងវិញ ក្នុងល្បឿនដ៏លឿនបំផុតនៅខែកុម្ភៈ ដោយបានបំបែកលើសពីការរំពឹងទុក ក្រោយពីទីក្រុងប៉េកាំង បានលុបចោលនយោបាយសូន្យកូវីដកាលពីចុងឆ្នាំ២០២២។

យោងតាមការិយាល័យស្ថិតិជាតិ (NBS) បានឱ្យដឹងថា សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) បានហក់ឡើងដល់៥២,៦ពី៥០,១ ក្នុងខែមករា។ សន្ទស្សន៍PMI បានកើនលើសពីការព្យាករណ៍ របស់អ្នកវិភាគចំនួន៥០,៥ ហើយជាតួលេខដ៏ខ្ពស់បំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១២។

ទីផ្សាររំពឹងថា កិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជន ដែលនឹងចាប់ផ្តើមរៀបចំឡើងនៅចុងសប្តាហ៍នេះ នឹងកំណត់គោលដៅសេដ្ឋកិច្ច និងជ្រើសរើសមន្ត្រីសេដ្ឋកិច្ចកំពូលថ្មីផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Zhou Hao សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Guotai Junan International បានមានប្រសាសន៍ថា “តួលេខនៃសន្ទស្សន៍ PMI ដ៏សមរម្យនេះ ផ្តល់នូវការកត់សម្គាល់វិជ្ជមាន សម្រាប់សភាប្រជាជនចិន នាពេលខាងមុខ ហើយយើងរំពឹងថា រដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយគាំទ្របន្ថែមទៀត ដើម្បីពង្រឹងការងើបឡើងវិញនៃសេដ្ឋកិច្ច”។

NBS បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយថា អាជីវកម្មបានពន្លឿនការបន្តការងារ និងផលិតកម្មរបស់ពួកគេឡើងវិញ ដោយសារតែឥទ្ធិពល នៃគោលនយោបាយស្ថិរភាពសេដ្ឋកិច្ច ខណៈពេលដែលផលប៉ះពាល់នៃជំងឺកូវីដបានស្រកចុះ។

ខណៈពេលដែលវិស័យផលិតកម្ម បានចាប់ផ្តើមឃើញសញ្ញានៃការងើបឡើងវិញកាន់តែច្រើន វានៅតែស្ថិតក្រោមសម្ពាធដោយតម្លៃ ដែលរោងចក្រលក់ទំនិញឱ្យអ្នកលក់ដុំ បានដាំក្បាលចុះនៅខែមករា ដោយសារការប្រើប្រាស់ក្នុងស្រុកនៅតែប្រុងប្រយ័ត្ន និងតម្រូវការបរទេសមានភាពមិនច្បាស់លាស់។

សន្ទស្សន៍អ្នកគ្រប់គ្រងការទិញមិនផលិតជាផ្លូវការ (PMI) បានកើនឡើងដល់៥៦,៣នៅខែកុម្ភៈ ពី៥៤,៤ក្នុងខែមករា ដែលបង្ហាញពីល្បឿននៃកំណើនដ៏លឿនបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២១។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ធនាគារកណ្តាលរបស់ប្រទេសចិនបានអះអាងថា “សេដ្ឋកិច្ចក្នុងស្រុកនឹងងើបឡើងវិញ ជាទូទៅនៅឆ្នាំ២០២៣នេះ ទោះបីជាបរិយាកាសខាងក្រៅនៅតែធ្ងន់ធ្ងរ និងស្មុគស្មាញក៏ដោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here