សម្តេចតេជោ៖ ការរៀបចំឥណទានឡើងវិញ មានទំហំទឹកប្រាក់ជិត ២០០០លានដុល្លារ

ដោយ៖ សាវុធ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញ នៅក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ ១៩ បណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់ជិត ២០០០លានុល្លារ ដល់ជាង ២៦ ម៉ឺនគ្រួសារ។

ថ្លែងនៅក្នុងពិធីអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មិនទាន់មានការរឹបអូសផ្ទះរបស់ពលរដ្ឋដែលពុំមានលទ្ធភាពបង់ធនាគារនៅឡើយទេ។
ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ជំរុញឱ្យអាជ្ញាធរតាមដានចំពោះការអនុវត្តរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅមូលដ្ឋានចំពោះប្រជាពលរដ្ឋរបស់ខ្លួន កុំឱ្យមានការលើកឡើងថា អ្នកដែលទទួលរងនូវផលប៉ះពាល់ហើយមិនបានសងទៅគ្រះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសារាចរណែនាំ របស់ធនាគារជាតិនៃកម្ពុជា ស្ដីពី “ឥណទានរៀបចំឡើងវិញ” ក្នុងអំឡុងពេលរងផលប៉ះពាល់ ពីការរីករាលដាលរបស់វីរុសកូវីដ១៩ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០បានឱ្យដឹងថា ធនាគាជាតិនៃកម្ពុជាតម្រូវឲ្យគ្រឹះស្ថានយកចិត្តទុកដាក់ ជាមួយអតិថិជនដែលរងផលផលប៉ះពាល់ ជាក់ស្ដែង និងអនុញាតឲ្យរៀបចំឥណទានឡើងវិញ ចំពោះវិស័យអាទិភាព រួមមាន៖ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំនីអាហារ ភេសជ្ជៈនិងសេវាកម្មគាំទ្រផ្សេងៗ) ,កាត់ដេរ (ដោយរាប់បញ្ចូលទាំងនិយោជិត) ,សំណង់(ចំពោះតែឥណទានសាងសង់ផ្ទះ,ហាងដំបូង និងឥណទានទិញផ្ទះដំបូង) និងការដឹកជញ្ជូន (ជាពិសេស អ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។

សារាចរណែនាំសង្កត់ធ្ងន់ថា គ្រឹះស្ថានត្រូវមានគោលនយោបាយ និងនិតីវិធីឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេល រងផលប៉ះពាល់នៃការរីករាលដាលកូវីដ១៩ ដែលអនុម័តដោយក្រុមប្រឹក្សាភិបាល សម្រាប់កំណត់អំពីស្ថានភាព និងលក្ខខណ្ឌនៃឥណទានដែលត្រូវចាត់ទុកជា “ឥណទានរៀបចំឡើងវិញ”និងសម្រាប់តាមដាន និងគ្រប់គ្រងឥណទានទាំងនោះ ។

សារាចរណែនាំបន្តថា ចំពោះការរៀបចំឥណទានឡើងវិញ គ្រឹះស្ថានត្រូវកំណត់ឲ្យច្បាស់ ថាអតិថិជនកំពុងជួបការលំបាក ផ្នែកហិរញ្ញវត្ថុ មុនពេលការអនុគ្រោះត្រូវបានផ្ដល់ជូន។

សារាចរណែនាំបញ្ជាក់ថា សម្រាប់ការៀបចំឥណទានឡើងវិញនេះ ផ្ដល់ជូនអតិថិជនដែលការទូទាត់សង់ការប្រាក់ ឬនិងប្រាក់ដើម និងហួសការកំណត់ សងលើសពី៩០ថ្ងៃ (ប្រភេទឥណទានដំណើរការ)និងរំពឹងថាអតិថិជនជួបប្រទះការលំបាក ផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេល បណ្ដោះអាសន្នប៉ុណ្ណោះ មានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។ ចំពោះឥណទានមិនដំណើរការគ្រឹះស្ថាន អាចរក្សាចំណាត់ថ្នាក់ដដែល នៅពេលឥណទានទាំងនេះត្រូវបានរៀបចំឡើងវិញ។

សេចក្ដីណែនាំបន្ថែមថា ការរៀបចំឥណទានឡើងវិញ ត្រូវធ្វើឡើងដោយ “ក្រុមការងារទទួលខុសត្រូវដោយឡែក” ផ្សេងពីផ្នែកដែលទទួលបន្ទុកដំណើរ ការផ្ដល់ឥណទាន ។ ក្រុមការងារនេះត្រូវពិនិត្យឡើងវិញ ជាប្រចាំ លើសំពាធឥណទានអតិថិជន ដើម្បីវាយតម្លៃផលប៉ះពាល់ ជាក់ស្ដែងលើស្ថានភាព ហិរញ្ញវត្ថុរបស់អតិថិជន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here