មន្រ្តីជំរុញឲ្យក្រុមហ៊ុនស្តារផ្លូវលេខ៣៣យកចិត្តទុកដាក់ស្រោចទឹក

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ “ ពេលសាងសង់ផ្លូវថ្នល់ សូមក្រុមហ៊ុនយកចិត្តទុកដាក់ស្រោចទឹក កាត់បន្ថយការហុយ និង ដាក់ផ្លាកសញ្ញាសម្គាល់នៅទីតាំងការដ្ឋាន ” មតិផ្តាំផ្ញើររបស់ថ្នាក់ដឹកនាំគម្រោង ដល់ក្រុមហ៊ុនសាងសង់លើក​កម្រិតគុណភាពផ្លូវជាតិលេខ៣៣។

លោក ប៉ាល់​ ទិត្យវិរៈ តំណាងឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង (PMU)  និងថ្នាក់ដឹកនាំ (PIU) បានដឹកនាំក្រុមការងារចុះ ត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដោយមានការចូលរួមពី អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះត្រួតពិនិត្យដោយផ្ទាល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការសាងសង់ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព និងអាចវាយតម្លៃលើវឌ្ឍនភាព ការងាររបស់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ នេះផងដែរ។

ក្រុមការងារនៃអង្គភាពអនុវត្តគម្រោង ក៏បានពាំនាំមតិផ្តាំផ្ញើរបស់លោក ប៉ាល់​ ចន្ទតារា ប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង (PMU) ណែនាំដល់ក្រុមហ៊ុន CRBC ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។

លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានហ្មត់ចត់ ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះមានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here