ប្រទេសឥណ្ឌូនេស៊ីបោះទុន២,៦ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រវារីអគ្គិសនីនៅកោះKalimantan

ដោយ: គង់ លាងហួរ

ហ្សាការតា: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃពុធ ទី១ ខែមីនា បានបើកដំណើរការដ្ឋានសាងសង់ រោងចក្រវារីអគ្គិសនីតម្លៃ២,៦ពាន់លានដុល្លារ ដែលនឹងតភ្ជាប់ទៅសួនឧស្សាហកម្ម នៅកោះកាលីម៉ាន់តាន់(Kalimantan)ភាគខាងជើង។

រោងចក្រថាមពលនេះមានឈ្មោះថា Mentarang Induk កំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនPT Kayan Hydropower Nusantara ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន PT Kayan Patria Pratama Group របស់ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុន Sarawak Energy Bhd របស់ប្រទេសម៉ាឡេស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រោងចក្រថាមពល១,៣៧៥ជីហ្គាវ៉ាត់នេះ នឹងត្រូវបានតភ្ជាប់ទៅកាន់តំបន់ឧស្សាហកម្ម ដែលជាបណ្តុំនៃរថយន្តអគ្គិសនី និងរោងចក្រអាគុយ ព្រមទាំងសម្ភារៈបរិក្ខារអាលុយមីញ៉ូម និងគីមីឥន្ធនៈផងដែរ។

លោក​បន្ត​ថា គម្រោង​រោងចក្រវារី​អគ្គិសនីនេះ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​បញ្ចប់​ការ​សាង​សង់​ក្នុង​រយៈ​ពេល៧ឆ្នាំ ដើម្បី​ផ្តល់​ថាមពល​ដល់​ផែនការសួនឧស្សាហកម្មដែល​បាន​គ្រោង​ទុក។

លោក Joko Widodo បានថ្លែងនៅក្នុងពិធីបើកការដ្ឋាន ដែលត្រូវបានចាក់ផ្សាយតាមអ៉ីនធឺណិតថា “ក្តីសង្ឃឹមរបស់យើងគឺថា ការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ពិតជានឹងកើតឡើងឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង”។

ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសផលិតធ្យូងថ្មកម្ដៅ ដ៏សំខាន់មួយ ហើយពឹងផ្អែកលើវា ជាប្រភពថាមពលចម្បងរបស់ខ្លួន ប៉ុន្តែប្រទេសនេះបានប្តេជ្ញាថា ខ្លួននឹងផ្លាស់ចេញឆ្ងាយពីការប្រើឥន្ធនៈកខ្វក់ និងសម្រេចបានគោលដៅមិនបញ្ចេញឧស្ម័ន GHG នៅមុនឆ្នាំ២០៦០៕

LEAVE A REPLY

Please enter your comment!
Please enter your name here