កងកប៉ាល់អាថ៌កំបាំងកាន់តែច្រើនឡើងៗជួយរុស្ស៊ី ដឹកជញ្ជូនប្រេងទៅលក់ជុំវិញពិភពលោកយ៉ាងសេរី

ដោយៈ សុខុម

       ក្រុងឡុងដ៍: ប្រេងរុស្ស៊ី នៅតែអាចរកផ្លូវទៅកាន់អ្នកទិញជុំវិញពិភពលោកទាល់តែឃើញ ទោះបីជារងទណ្ឌជុំទិសក្ដី។

ប៉ុន្តែសូម្បីតែអ្នកដែលចំណាយពេលជាច្រើនថ្ងៃ តាមដានការចរាចរប្រេងរុស្ស៊ី ឆ្លងកាត់មហាសមុទ្រនានាយ៉ាងណាក្ដី ក៏នៅតែរកមិនឃើញដែរថា តើនរណាជាអ្នកជួយដឹកប្រេងទាំងនោះឱ្យពិតប្រាកដ។

នៅពេលលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្តបង្កើន ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ កងកប៉ាល់ដ៏អាថ៌កំបាំង កាន់តែច្រើនឡើងៗបានលួចចូលរួមជួយសម្រួល ដល់ការនាំចេញប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃពុធ ទី០១ ខែមីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពនានានៅក្នុងឧស្សាហកម្មបានប៉ាន់ប្រមាណថា កងនាវាដ៏អាថ៌កំបាំងទាំងនោះ អាចមានចំនួនរហូតដល់ ទៅប្រមាណ៦០០គ្រឿងឯណោះ ឬស្មើប្រមាណ១០% នៃចំនួនកប៉ាល់ដឹកប្រេងធំៗ ទូទាំងពិភពលោក ហើយចំនួននេះបន្តកើនឡើងឥតឈប់។

ដោយសារហេតុនេះ សំណួរត្រូវបានចោទឡើងថា តើនរណាជាម្ចាស់ ហើយនរណាជាអ្នកដំណើរការកប៉ាល់ ដឹកប្រេងទាំងនេះឱ្យពិតប្រាកដ?។

នៅពេលការជួញដូរប្រេងរុស្ស៊ី កាន់តែមានលក្ខណៈស្មុគស្មាញទៅៗក្នុងឆ្នាំ២០២២ ក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់ជាច្រើន របស់លោកខាងលិច បានដកខ្លួនចេញ ដោយឈប់ផ្ដល់សេវាកម្មដឹកជញ្ជូនប្រេងរុស្ស៊ី។

ទោះជាយ៉ាងណា មានក្រុមហ៊ុនគ្មានប្រភពច្បាស់លាស់ថ្មីៗ បានចូលមក ជាមួយបណ្ដាក្រុមហ៊ុនស្រមោលនៅក្រុងឌូបៃ ឬក្រុងហុងកុង ពាក់ព័ន្ធនឹងករណីជួយដឹកប្រេងរុស្ស៊ីមួយចំនួន។

ក្រុមហ៊ុនខ្លះ បានទិញកប៉ាល់ពីជនជាតិអឺរ៉ុប ខណៈខ្លះទៀតបានប្រើកប៉ាល់ចាស់ៗដើម្បីដឹកប្រេង៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here