រដ្ឋាភិបាលចិនផ្តល់ជំនួយឥតសំណងលើគម្រោងស្តារ និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងារលើគម្រោងស្តារ និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគ្រៀល) ជាមួយ លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd។

តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី១ មិនាកន្លងមកនេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញជូន លោកទេសរដ្ឋមន្ត្រី លើការសិក្សាពីបច្ចុប្បន្នភាពនៃផ្លូវជាតិលេខ៧ និងនីតិវិធីសំខាន់ៗក្នុងស្តារ និងលើកកម្រិតកំណាត់ផ្លូវជាតិមួយខ្សែនេះ ចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជា-ឡាវ) ប្រវែងសរុប ៩៦,៦៣គីឡូម៉ែត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈការពិនិត្យលើបទបង្ហាញ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិ និងលើ​កជាមតិយោបល់ ឱ្យក្រុមហ៊ុនទទួលបន្ទុកពិនិត្យសិក្សា លើការប្រើប្រាស់បច្ចេកទេសផ្លូវថ្នល់ និងការរៀបចំកំណត់ទទឹងផ្លូវឱ្យបានសមរម្យ សម្រាប់ស្ថានភាពភូមិសាស្ត្រផ្លូវជាតិលេខ៧នេះផងដែរ ដើម្បីរៀបចំនីតិវិធីបន្តសម្រាប់ឈានដល់ការអនុវត្តគម្រោងនៅពេលខាងមុខ។

គម្រោងនេះជាគម្រោងស្ថិតក្រោមជំនួយឥតសំណង ពីសាធារណរដ្ឋប្រជាមានិតចិន ដែលទទួលបន្ទុកការសិក្សាដោយក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here