ប្រទេសជប៉ុនគ្រោងបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនសម្រាប់អ្នកដំណើរ មកពីប្រទេសចិន ចាប់ពីថ្ងៃទី១ ខែមីនា

ដោយ: គង់ លាងហួរ

តូក្យូ: យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលកំពូលបានឱ្យដឹងថា ប្រទេសជប៉ុននឹងបន្ធូរបន្ថយការរឹតត្បិតរបស់ខ្លួន លើអ្នកដំណើរមកពីប្រទេសចិនចាប់ពីថ្ងៃទី១ ខែមីនា ដោយទម្លាក់ចោលលក្ខខណ្ឌ តម្រូវឱ្យមនុស្សគ្រប់គ្នាធ្វើតេស្តរកមេរោគនៅពេលមកដល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យ បានបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា “ប្រទេសជប៉ុន នឹងធ្វើតេស្តតែសំណាក ដែលបានជ្រើសរើសប៉ុណ្ណោះ ទោះបីជាអ្នកធ្វើដំណើរ នឹងនៅតែត្រូវបង្ហាញការធ្វើតេស្តអវិជ្ជមាន មុនពេលឡើងយន្តហោះរបស់ពួកគេទៅកាន់ប្រទេសជប៉ុនយ៉ាងណាក្តី”។

លោក Matsuno បានបន្តថា “ការផ្លាស់ប្តូរនេះ មានគោលបំណងគាំទ្រ ដល់ការធ្វើដំណើរអន្តរជាតិដោយរលូន”។

លោក Matsuno បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍នានាក៏នឹងត្រូវបានអនុញ្ញាត ឱ្យដំណើរការជើងហោះហើរត្រង់ ពីប្រទេសចិនទៅកាន់អាកាសយានដ្ឋានជប៉ុន ជាច្រើនទៀតផងដែរ។  សម្រាប់ពេលនេះ ការហោះហើរត្រង់ ពីប្រទេសចិនអាចចុះចត បានតែនៅអាកាសយានដ្ឋាន Narita អាកាសយានដ្ឋាន Haneda អាកាសយានដ្ឋានKansai និងអាកាសយានដ្ឋាន Chubu តែប៉ុណ្ណោះ។

ទូរទស្សន៍ TBS បានរាយការណ៍នៅមុននេះបន្តិចថា អ្នកធ្វើដំណើរមកពីហុងកុង និងម៉ាកាវ នឹងត្រូវបានលើកលែង ពីការធ្វើតេស្តនៅពេលមកដល់ ឬតម្រូវការធ្វើតេស្តអវិជ្ជមានមុនពេលឡើងជិះយន្តហោះ។

ប្រទេសជប៉ុន និងកូរ៉េខាងត្បូងធ្លាប់បានដាក់ ការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹង លើអ្នកដំណើរមកពីប្រទេសចិន បន្ទាប់ពីករណីកូវីដ-១៩ បានកើនឡើងខ្លាំង ក្រោយទីក្រុងប៉េកាំង បានលុបចោលគោលនយោបាយសូន្យកូវីដ កាលពីចុងឆ្នាំ២០២២។

ចំណែកឯ ប្រទេសចិនបានឆ្លើយតបវិញ ដោយបានផ្អាកការចេញទិដ្ឋា ការរយៈពេលខ្លីនៅក្នុងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។ នៅដើមខែកុម្ភៈនេះ កូរ៉េខាងត្បូង​បាន​បន្ធូរបន្ថយ ​ការគ្រប់គ្រង​ព្រំដែន​របស់ខ្លួន ​ចំពោះ​ភ្ញៀវ​ទេសចរមកពី​ប្រទេស​ចិន​ ដែល​ភាគីចិន​បាន​ស្វាគមន៍​៕

LEAVE A REPLY

Please enter your comment!
Please enter your name here