អ្នក​ប្រើ​អុីនធឺណិត​តាម​ទូរស័ព្ទ​ចល័ត​នៅកម្ពុជា​បាន​កើនលើស​ចំនួន​ប្រជាជន​សរុប១៦លាន​នាក់​

ដោយ: គង់ លាងហួរ
ភ្នំពេញ: អ្នកប្រើប្រាស់អុីនធឺណែត(Subscriber)តាមទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាបានកើនលើសចំនួនប្រជាជនចំនួន១៦លាននាក់របស់ប្រទេសនេះ ខណៈដែលរដ្ឋាភិបាលគូសបញ្ជាក់អំពីការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចឌីជីថល។

យោងតាមរបាយការណ៍របស់និយតករទូរគមនាគមន៍កម្ពុជាបានឱ្យដឹងថា អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជាបានកើនឡើងដល់១៩,៥លាននាក់គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២២ ថយចុះពី២១,៧លាននាក់ក្នុងឆ្នាំ២០១៩។

លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា បានមានប្រសាសន៍ថា “ប្រជាជនកម្ពុជាស្ទើរតែទាំងអស់មានស្មាតហ្វូន ដែលនាំឱ្យមានការកើនឡើងនៃការប្រើប្រាស់អុីនធឺណែត ហើយវាត្រូវបានប្រើប្រាស់ភាគច្រើនសម្រាប់ការលេងបណ្តាញទំនាក់ទំនងសង្គម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា“ចំនួនអ្នកប្រើប្រាស់អុីនធឺណែតដ៏ខ្ពស់បានបង្ហាញពីល្បឿននៃការប្រើប្រាស់បច្ចេកវិទ្យារបស់ប្រជាជនកម្ពុជា ដោយសារនិន្នាការនៃការប្រើប្រាស់ស្មាតហ្វូនសម្រាប់ការសិក្សា ការដើរទិញឥវ៉ាន់ និងបណ្តាញសង្គមកំពុងកើនឡើង”។

រដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត និងអុីនធឺណិតល្បឿនលឿន តាមរយៈសេវាទូរស័ព្ទជំនាន់ទី៤ (4G) និងដាក់មូលដ្ឋានគ្រឹះសម្រាប់សេវាទូរស័ព្ទជំនាន់ទី៥ (5G)។

ដោយកត់សម្គាល់ពីការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកឱ្យពង្រឹងសញ្ញាទូរសព្ទ និងសេវាអុីនធឺណិតទាំងក្នុងទីក្រុង និងជនបទ។

សម្តេចបានមានប្រសាសន៍ថា “អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរតាមអុីនធឺណិត សូម្បីតែសេវាកម្មតាក់ស៊ី ហើយវិបត្តិ​ជំងឺ​រាតត្បាត​បាន​បង្កើត​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើន​អត្ថប្រយោជន៍​នៃ​ឌីជីថល​នីយកម្ម​”។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍កាលពីខែមករាថា “ការប្រើប្រាស់អុីនធឺណែត និងទូរស័ព្ទបានផ្តល់នូវកំណើនគួរឱ្យកត់សម្គាល់សម្រាប់ការទូទាត់តាមទូរស័ព្ទក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេលជំងឺរាតត្បាត”។

លោក ជា ចាន់តូ បានបន្ថែមថា “ចាប់តាំងពីមានវិបត្តិកូវីដ-១៩ ការជួញដូរតាមអុីនធឺណិតបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយវិធីទូទាត់តាមអេឡិចត្រូនិកកាន់តែមានប្រជាប្រិយភាពនៅទូទាំងប្រទេស”៕

LEAVE A REPLY

Please enter your comment!
Please enter your name here