រដ្ឋាភិបាលនឹងដាក់ឲ្យដំណើរការកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ឆ្នាំ២០២៣​ ២០២៧

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំផែនការ អនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម ឆ្នាំ២០២៣-២០២៧។

ពិធីប្រកាសជាផ្លួវការនូវកម្មវិធីនេះ នឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ខាងមុខ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់ការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមកសាងភាពរឹងមាំ នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ដែលជាកម្មវិធីកែទម្រង់ស្នូល ឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣បានឲ្យដឹងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ស្នូលនៃកម្មវិធីកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងអភិបាលកិច្ច តាមរយៈការប្រកាន់ខ្ជាប់ ការអនុវត្តនូវអភិក្រមជាខឿន ឬជាដំណាក់កាល់ៗ (ឬហៅថា Platform Approach) ដោយត្រូវបានកំណត់ចក្ខុវិស័យ ប្រកបដោយមហិច្ឆិតា និងប្រាកដនិយមពោល គឺកសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យស្របតាមស្តង់ដា និងឧត្តមានុវត្តន៍ជាអន្តរជាតិ ដែលមានគោលដៅផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការឆ្ពោះ ទៅប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងមានលក្ខណៈវិមជ្ឈការ។

ក្នុងទស្សនវិស័យដ៏ពិសិដ្ឋនេះ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបាននិងកំពុងធ្វើទំនើបកម្មជាបណ្តើរៗ និងកាន់តែស៊ីជម្រៅលើគ្រប់សមា​សធាតុស្នូល នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការកសា​ង និងកែលម្អប្រព័ន្ធ, ក្របខ័ណ្ឌគតិយុត្ត, ស្ថាប័ននីយកម្ម និងធនធានមនុស្ស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here