លោកស៊ុន ចាន់ថុលពន្យល់ពីការសាងសង់ផ្លូវជាតិលេខ៤៨យឺត យ៉ាវជាងផែនការ

   ដោយៈ គង់ ម៉ាលីនណា

       កោះកុងៈ បេសកកម្មពិនិត្យវឌ្ឍនភាព និងបច្ចេកទេសការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ពីចំណុច PK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលខណៈនេះសម្រេចបានជិត២២ភាគរយហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ កុម្ភៈនេះ បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Ventureផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បេសកកម្មនេះត្រូវបានធ្វើឡើង ក្នុងក្នុងបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារ និងបច្ចេកទេសក្នុងការសាងសង់ ដើម្បីធានាបានថាក្រុមហ៊ុនអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មិនមានភាពចន្លោះប្រហោង និងមានគុណភាពអាចប្រើប្រាស់បានយូរអង្វែង។ ក្រុមការងារបច្ចេកទេស ក៏បានធ្វើតេស្តគុណភាពស្រទាប់គ្រឹះផ្លូវ នៅតាមកន្លែងមួយចំនួន ដើម្បីបង្ហា​ញជូនដល់ថ្នាក់ដឹកនាំផងដែរ។

លើកឡើងនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្តើមពីPK ១៤១+៧៥០ (ចំការហ្លួង) ត្រង់បំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បើគិតមកទល់បច្ចុប្បន្នសម្រេចការសាងសង់បានជិត២២%ហើយ។ លោកបន្តថា តួលេខនេះមានភាពយឺតយ៉ាវជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាលដាលនៃជម្ងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។

ឆ្លើយតបនឹងពាក្យចចាមអារ៉ាម ដែលបានលើកឡើងថា ក្រុមហ៊ុនម៉ៅការសាងសង់បានដកខ្លួន ចេញពីគម្រោងការងារនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គឺមិនមានរឿងដូចដែលលេចលឺនោះឡើយ។ ជាក់ស្តែងក្នុងពេលនេះស្រាប់ យើងបានឃើញហើយថា ក្រុមហ៊ុនម៉ៅការសាងសង់ ILSUNG & HANIL កំពុងបន្តអនុវត្តការងារយ៉ាងសកកម្ម ទៅតាមផែនការ បើទោះបីជាមានបញ្ហាប្រឈមបន្តិចបន្តួច ដូចដែលបានរៀបរាប់ខាងលើ ដែលនាំឱ្យមានការយឺតយ៉ាវក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here