រដ្ឋមន្រ្តីជំរុញឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍ អេកូទេសចរណ៍

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យការីទេសចរណ៍បង្កើនការលក់កញ្ចប់ទស្សនកិច្ច ទៅកាន់សហគមន៍អេកូទេស​ចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន។

សហគមន៍អេកូទេសចរណ៍ចំនួន២នៅកម្ពុជា បានទទួលពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន ក្នុងនោះរួមមានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេស

ចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីផ្សព្វផ្សាយនូវកិត្តិនាមនេះ ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលដៅសហគមន៍ និងអេកូទេសចរណ៍នៅតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យ ទៅដល់ការីទេសចរណ៍ និងភាគីពាក់ព័ន្ធ។

សិក្ខាសាលានេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

លោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងថា ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ទីក្រុងយុក្យាការតា (Yogyakarta) ប្រទេសឥណ្ឌូណេស៉ី អាស៊ានបានប្រគ​ល់ពានរង្វាន់ស្ដង់ដា សហគមន៍អេកូទេសចរណ៍អាស៊ាន ដល់សហគមន៍អេកូទេសចរណ៍ចំនួន២នៅកម្ពុជា គឺសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។

លោកបានបន្តថា តាមការវាយតម្លៃរបស់អាស៊ាន សហគមន៍អេកូទេសចរណ៍ទាំង២នេះ គឺបានខិតខំអភិវឌ្ឍធនធានមនុស្ស ក្នុងសហគមន៍ កសាងហេដ្ឋារចនាសម្ពន្ធនៅមូលដ្ឋាន បង្កើនផលិតផលទេសចរណ៍ថ្មីៗ កែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ ព្រមទាំងទទួលបានការពេញនិយមច្រើនពីសំណាក់ភ្ញៀវទេសចរ។

លោកបានលើកឡើងនូវអនុសាសន៍ ណែនាំឱ្យវិស័យឯកជន ពិសេសក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍ទាំងក្នុងក្របខណ្ឌ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងបណ្តាអ្នករៀបចំកញ្ចប់ទស្សនកិច្ចឯកជនជួយបញ្ចូលគោលដៅសហគមន៍ទាំង៥ខាងលើ ទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន ក៏ដូចជាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទៅដល់ភ្ញៀវទេសចរ និងស្នើឱ្យពង្រឹងការគាំទ្រជួយដល់សហគមន៍ តាមរយៈការប្រើប្រាស់សេវារបស់សហគមន៍ឱ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោករដ្ឋមន្ត្រីបានណែនាំដល់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិ ត្រូវបន្តសហការជាមួយក្រុមការងារទីភ្នាក់ងារ USAID និងអង្គការ NTFP-EP រួមជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ និងសហគមន៍គោលដៅទាំង៥ រៀបចំនូវឧបករណ៍ផ្សព្វផ្សាយនានា (Promotional Materials) ពិសេសសហការជាមួយដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយគោលដៅសហគមន៍ខាងលើឱ្យបានទូលំទូលាយ។

លោកក៏បានស្នើឱ្យស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិនានាបន្តផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍតំបន់សហគមន៍ទាំង៥នេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ មិនតែប៉ុណ្ណោះ សូមជួយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានាដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។

ជាមួយគ្នានោះដែរ លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសរបស់ NTFP-EP Cambodia និងកញ្ញា ហាញ់ ង្វៀន (Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ USAID ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចការ អភិវឌ្ឍសហគមន៍អេកូទេសចរណ៍ នៅតាមតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យថែមទៀតដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here