សហព័ន្ធឧស្សាហកម្មថៃ (FTI) កំពុងព្រួយបារម្ភចំពោះរំហូរចូល យ៉ាងគំហុកនូវទំនិញចិនថោកៗ

ដោយៈ សុខុម

បាងកក: សហព័ន្ធឧស្សាហកម្មថៃ (FTI) កំពុងព្រួយបារម្ភជាថ្មីចំពោះរំហូរចូលយ៉ាងគំហុកនូវទំនិញចិន ថោកៗ ក្រោយពីប្រទេសចិន បើកព្រំដែនឡើងវិញ បើទោះបីជាគោលនយោបាយ របស់រដ្ឋាភិបាលក្រុងប៉េកាំង ល្អសម្រាប់វិស័យទេសចរណ៍យ៉ាងណាក្ដី។

លោក Kriengkrai Thiennukul ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) ថ្លែងថា ប្រទេសថៃ នឹងលំបាកប្រកួតប្រជែង នៅក្នុងសង្វៀនពាណិជ្ជកម្មអន្តរជាតិ ពីព្រោះបណ្ដាសហគ្រិនបច្ចុប្បន្ន គ្មានលទ្ធភាពគ្រប់គ្រងថ្លៃចំណាយផលិតកម្ម ដោយសារតែថ្លៃចំណាយ និងប្រាក់ឈ្នួលកម្លាំងពលកម្មខ្ពស់ជាងនៅក្នុងប្រទេសចិន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ។

លោកបន្ថែមទៀតថា “ជនជាតិចិន ស្វែងរកទិញតែផលិតផលរបស់ពួកគេប៉ុណ្ណោះនៅក្នុងទីផ្សារ។ ប្រទេសចិន នឹងបង្កើនការនាំចេញ បន្ទាប់បើកព្រំដែនរបស់ខ្លួនឡើងវិញដើម្បីជំរុញសេដ្ឋកិច្ច”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសេដ្ឋកិច្ចពិភពលោក ទំនងជាធ្លាក់ចូលក្នុងវិបត្តិនៅឆ្នាំនេះ ប្រទេសជាច្រើន ចាំបាច់ត្រូវស្វែងរកទីផ្សារថ្មីៗ សម្រាប់ការនាំចេញរបស់ខ្លួន។

ការនាំចេញផលិតផលចិន មកកាន់បណ្ដាប្រទេសក្នុងអាស៊ាន រួមមានទាំងប្រទេសថៃ ផងដែរនោះ នឹងជះផលប៉ះពាល់ដល់វិស័យនាំចេញរបស់ប្រទេថៃ។ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានសង្កត់ធ្ងន់ថា ស្ថានភាពនេះ ចាំបាច់ត្រូវតែមានការឃ្លាំមើល ដោយយកចិត្តទុកដាក់បំផុត ពោលគឺមិនអាចប្រហែស ឬមើលស្រាលនោះឡើយ។

វិស័យនាំចេញរបស់ថៃ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងផលប៉ះពាល់ នៃជម្លោះភូមិសាស្ត្រនយោបាយ ថ្លៃថាមពលខ្ពស់ និងការឡើងចុះមិនទៀងនៃអត្រាប្ដូរប្រាក់បរទេសផងដែរ។

សហព័ន្ធឧស្សាហកម្មថៃ (FTI) និយាយថា តម្លៃរូបិយប័ណ្ណបាត ទល់នឹងរូបិយប័ណ្ណដុល្លារ គួរតែស្ថិតក្នុងកម្រិតសមស្រប។ ប្រសិនបើរូបិយប័ណ្ណបាត ហក់ឡើងថ្លៃខ្លាំង បណ្ដាអ្នកនាំចេញថៃ នឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here