ប្រធានបទចំនួនបីត្រូវបានលើកមកជជែករវាងមន្រ្តីជាន់ខ្ពស់កម្ពុជា និងក្រុមមន្រ្តីជប៉ុន

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ កិច្ចប្រជុំលើកទី២៥ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងពីប្រធានបទសំខាន់ៗចំនួន៣។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការCDC និងលោក Atsushi UENO ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន(JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO​) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូសរុប១១០រូប។

ប្រធានបទដែលត្រូវបានលើកមកពិភាក្សា ក្នុងកិច្ចប្រជុំលើកទី២៥នេះ រួមមាន ទី១ ថាមពល (ការគាំទ្រលើសកម្មភាព ស្តីពីអព្យាក្រឹតកាបូន) ទី២-ពន្ធដារ (កាលវិភាគនៃការបង្វិលសងអាករលើតម្លៃបន្ថែម (VAT) និងកាតព្វកិច្ចពន្ធរបស់អភិបាលជាអនិវាសនជន) និងទី៣- ភ័ស្តុភារកម្ម (ប្រ​សិទ្ធភាពនៃនីតិវិធីនានា នៅតាមច្រកព្រំដែនជាមួយថៃ និងវៀតណាម វឌ្ឍ​នភា​ពនៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ឌីជីថលូបនីយកម្ម និងសាមញ្ញកម្មនៃនីតិវិធីគយ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ ចិន្តាសោភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ នៅចំពោះមុខលោកឯកអគ្គរដ្ឋទូតជប៉ុនថ្មី ពីសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជា ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនភាគីមិត្ត អំពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ក្នុងការខិតខំពន្លឿន ការស្ដារឡើងវិញ និងការពង្រឹងភាពធន់នៃមូលដា្ឋនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតបរិស្ថានអនុ​គ្រោះសម្រួល ដល់ការវិនិយោគ ព្រមទាំងការប្រកាស ឲ្យប្រើនូវច្បាប់ស្ដីពីវិនិយោគ និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក។

លោក​ សុខ ចិន្តាសោភា តាងនាមតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនឹងការងារពាណិជ្ជកម្ម និងវិនិយោគ បានប្តេជ្ញាកែលម្អនីតិវិធីរដ្ឋបាលទាំង​ឡា​យ ក្នុងគោលបំណងឲ្យកម្ពុជា ក្លាយទៅជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។ លោកបានអំពាវនាវឲ្យក្រុមហ៊ុនជប៉ុនទាំងអស់ ចាប់អារម្មណ៍ ទៅលើទស្សនាទានថៃ+១ និងវៀតណាម+១។

លោកក៏បានស្វាគមន៍រាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការ ពីសំណាក់អង្គការ JICA សមាគមJBAC និងពីសំណាក់គ្រប់ក្រុមហ៊ុនជប៉ុន ឱ្យចូលរួមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបំពាក់ជំនាញដល់ពលករកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញរបស់កម្ពុជា ក្នុងវិស័យដែលមានតម្រូវការជំនាញខ្ពស់ ដូចជា វិស័យយានយន្ត និងអេឡិចត្រូនិកជាដើម។

លោក Atsushi UENO បានបង្ហាញមោទនភាព ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ព្រោះកម្ពុជាជាប្រទេស ដែលមានវប្បធម៌ដ៏យូរលង់ និងប្រពៃណីដ៏ល្អផូរផង់ ក៏ដូចជាការអភិវឌ្ឍប្រកបដោយថាមវន្ត។

លោកបានលើកឡើងពីទំនាក់ទំនង ដ៏រ៉ឹងមាំរវាងកម្ពុជា-ជប៉ុន ដែលបានក្លាយជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងឱកាសដែលប្រទេសទាំងពីរ រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ២០២៣នេះ តាមការឯកភាព របស់ប្រមុខដឹកនាំនៃប្រទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

លោកបន្តថា ថ្វីត្បិតថ្ងៃនេះជាកិច្ចប្រជុំលើកទី១ ដែលលោកមានកិត្តិយសធ្វើជាសហប្រធាន ប៉ុន្តែលោកបានយល់ច្បាស់ពីសារៈសំខាន់ នៃកិច្ចប្រជុំទ្វេភាគីនេះ ដែលតែងតែបានផ្ដល់ឱកាស ជូនវិនិយោគិនជប៉ុន អាចលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា ជូនរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការបកស្រាយ និងផ្តល់ដំណោះស្រាយឈ្នះ-ឈ្នះ សម្រាប់ភាគីរាជរដ្ឋាភិបាល និងវិស័យឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here