ក្រសួងពាណិជ្ជកម្ម បើកវេទិកាផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនិងការធ្វើធុរកិច្ចមិនសុចរិត

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បានរៀបចំវេទិកាស្ដីពី ការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ និងការធ្វើធុរកិច្ចមិនសុច្ច​រិត -COUNTER-COUNTERFEIT & ILLICIT TRADE ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ “ក.ប.ប” និងលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។

លោក ផាន អូន បានលើកឡើងថា ការធ្វើធុរកិច្ចមិនសុច្ចរិតបាននិងកំពុង ក្លាយជាការព្រួយបារម្ភរបស់សកលលោក ដែលរួមបញ្ចូលទាំងការលួចនាំចូលនូវផលិតផលក្លែងក្លាយ ការគេចវេសកាតព្វកិច្ចបង់ពន្ធ ការចរា​ចរខុសច្បាប់នូវទំនិញ និងសេវាកម្ម ដែលនាំឱ្យរដ្ឋាភិបាលនៃប្រទេសនីមួ​យៗខាតបង់នូវចំណូលពន្ធ រាប់ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះផងដែរ ធុរកិច្ចជនសុចរិតត្រូវបានខាតបង់ប្រយោជន៍ ហើយជាពិសេសអ្នកប្រើប្រាស់ ទទួលបាននូវទំនិញដែលមិនសមប្រកប។ ហេតុដូចនេះហើយ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខាដាក់ប្រើជាផ្លូវការកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ការព្យាយាមកេងចំណេ​ញ និងការអនុវត្តមិនសុចរិតនៅក្នុងទីផ្សាររបស់ធុរជន ខិលខូចមួយចំនួន ក៏ដូចជា បង្កើនបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌។

លោកអគ្គនាយក បានលើកឡើងបន្តថរា ក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តតួនាទីរបស់ខ្លួន តាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ តាមរយៈការសហការជាមួយទីភ្នាក់ងារសហប្រតិ​បត្តិការអន្តរជាតិនានា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ជូនដល់សាធារណជន និងធុរជននៅគ្រប់វិស័យ និងជាពិសេសប្រតិបត្តិការបង្រ្កាបនូវការចរាចរផលិតផលខូចគុណភាព ផលិតផលក្លែងបន្លំ និងរំលោភបំពានសិទ្ធិផ្តាច់មុខ។

អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ឲ្យដឹងថា នៅក្នុងវេទិកានេះ ក៏មានពិធីចុះអនុស្សរៈយោគយល់គ្នា រវាងអគ្គនាយកដ្ឋាន ក.ប.ប. ជាមួយនឹងសភាពាណិជ្ជកម្មអឺរ៉ុប ក្នុងគោលបំណងគឺសំដៅធានា ឱ្យមានវិបុលភាពទៅអនាគត និងទាក់ទាញការវិនិយោគមកកាន់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេស និងការចែករំលែកនូវបទពិសោធន៍ រវាងអគ្គនាយកដ្ឋាន ក.ប.ប. និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here