ចក្រភពអង់គ្លេសប្តេជ្ញាគាំទ្រដល់កម្ពុជាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ

ដោយ: គង់ លាងហួរ
ភ្នំពេញ: ចក្រភពអង់គ្លេសបានសន្យាបន្តជួយដល់កម្ពុជាលើវិស័យផ្សេងៗគ្នា ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងបរិស្ថាន ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។

ការសន្យានេះធ្វើឡើងដោយលោក Dominic Williams ឯកអគ្គរដ្ឋទូតអង់គ្លេស ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ខណៈលោកបានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនៅវិមានសន្តិភាព កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។នេះបើយោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកឯកអគ្គរដ្ឋទូត Williams បានមានប្រសាសន៍ថា “លោកបានកត់សម្គាល់ពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងដំណើរទស្សនកិច្ចលើកមុនរបស់លោកកាលពីឆ្នាំ២០១០”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Dominic Williams បានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោក្នុងការនាំមកនូវសន្តិភាព ស្ថិរភាពដល់ប្រទេសកម្ពុជា ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បើកប្រទេស និងសង្គមទាំងមូលឡើងវិញ គ្រប់គ្រងសេដ្ឋកិច្ចកម្ពុជាបានយ៉ាងល្អ និងទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងការយកចិត្តទុកដាក់លើការបោសសម្អាតមីនផងដែរ។

សម្តេចតេជោនាយក​រដ្ឋមន្ត្រី​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បេសកកម្ម​ការទូត​របស់​លោកឯកអគ្គរដ្ឋទូត Williams ប្រចាំ​នៅ​កម្ពុជា និង​បាន​កោតសរសើរ​លោក​ ដែល​អាចនិយាយ​ភាសា​ខ្មែរ​បាន​យ៉ាងស្ទាត់ជំនាញផងដែរ។

សម្តេចតេជោក៏បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេសចំពោះជំនួយក្នុងប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា និងបានជំរុញការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅប្រទេសគ្មានមីននៅឆ្នាំ២០២៥ ដោយសារតែមានការគាំទ្រធនធានពីសប្បុរសជន និងដៃគូនានា។

លើសពីនេះទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើគោលបំណងជំរុញឱ្យមានការបង្កើតសាកលវិទ្យាល័យអង់គ្លេសនៅកម្ពុជា និងជំរុញការវិនិយោគរបស់អង់គ្លេសកាន់តែច្រើនមកកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here