ដោយៈ គង់ ម៉ាលីនណា
សៀមរាបៈ នៅទីលានមុខប្រាសាទបាពូន កាលពីថ្ងៃអអាទិត្យទី១៩ កុម្ភៈកន្លងមកនេះ មានរៀបចំពិធីក្រុងពាលីបើកកាដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង(ភូមិខ្ញុំ) ក្រោមអធិបតីភាព លោកសុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣។
គម្រោង(ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនា នៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ ហើយឆ្នាំនេះក៏ជាខួបទី១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។
លោកសុខ សង្វារ ប្រធានគម្រោងភូមិខ្ញុំភូមិសុខសាន្តបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំ អោយមាន៨ទស្សនីយភាពធំៗដូចជា៖
១- ផ្ទះមរតកដូនតា
២- ផ្ទះនំខ្មែរ
៣- សាលាឆទាន
៤- ផ្សារខ្មែរ
៥- ឆាកធំ
៦- រោង DJ
៧- វត្ថុយក្ស
៨- រោងសិប្បកម្ម
លោកសុខ សង្វារបានបន្តទៀតថា ឆ្លងតាមរយៈការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះ ត្រូវបានជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូន ដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកបានកោតសរសើរ ដល់ក្រុមការងារកាន់គម្រោងនីមួយៗនៅក្នុងភូមិខ្ញុំ ហើយលោកបានចុះមើលទីតាំងជាក់ស្តែងបន្ថែមទៀត ធ្វើយ៉ាងណាជម្រុញការសាងសង់ ឱ្យទាន់មុនថ្ងៃព្រឹត្តិការណ៍មកដល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា នៅក្នុងតំបន់អង្គរជាពិសេសទស្សនាខេត្តសៀមរាបទាំងមូល៕