គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យកំពុងសម្រេច វឌ្ឍនភាព

  ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ នៅការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបបេសកកម្មគាំទ្រ ការអនុវត្តគម្រោងលើកទី៧ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ។

កិច្ចប្រជុំនេះ មានការចូលរួមដោយផ្ទាល់ពី លោកតាន់ សុខជា អគ្គនាយក នៃអគ្គនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក កូវ ភីរម្យ ប្រធានក្រុមការងារគម្រោង និងលោកស្រី Marie Krumova Chapuis សហប្រធានក្រុមការងារ នៃធនាគារពិភពលោក និងចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីក្រុមការងារនៃអង្គភាពគ្រប់គ្រងសមាសភាគគម្រោង-១ (CMU-1) អង្គភាពគ្រប់គ្រងសមាសភាគគម្រោង-២ (CMU-2) តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារធនាគារពិភពលោក និងភាគីពាក់ព័ន្ធផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំបានជជែកពិភាក្សាអំពីលទ្ធផល នៃសមិទ្ធផលដែលសម្រេចបាន បញ្ហាបច្ចេកទេសនានា ជាមួយអ្នកអនុវត្តគម្រោង ស្ថានភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ ការងារលទ្ធកម្ម និងការវាយតម្លៃវឌ្ឍនភាពការងារចំណុចចន្លោះប្រហោងកន្លងមក បញ្ហាប្រឈមនានា ការពិភាក្សាលើការអភិវឌ្ឍស្ថាប័ន ជាពិសេសភ្នាក់ងារផ្តល់សេវា ដែលមានអង្គភាពលូទឹក និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជាអង្គភាពទទួលបន្ទុក និងការពិនិត្យអនុវត្តតាមផែន​ការសកម្មភាព សម្រាប់ពន្លឿនលើការអនុវត្តគម្រោង ឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយចីរភាព។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោករដ្ឋលេខធិការ ក្នុងនាមគណៈគ្រប់គ្រង CMU-2 បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហសេវិក អញ្ជើញមកពីធនាគារពិភពលោក ដែលតែងចូលរួមជួយជ្រោមជ្រែងក្រសួងសាធារណការ និងដឹកជញ្ជូន លើវិស័យគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ក៏ដូចជាវិស័យផ្សេងៗទៀត។

ជាមួយគ្នានោះ លោករស់ វណ្ណា ក៏បានអរគុណដល់ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្លាំងក្លា របស់ក្រុមការងារគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងការអនុវត្តកិច្ចការងារ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ហើយបានធ្វើឱ្យលេចសមិទ្ធផលជាផ្លែផ្កាល្អប្រសើរ ក៏ដូចជាបានបំពេញការងាររបស់ខ្លួនយ៉ាងសកម្មធ្វើឱ្យដំណើការគម្រោងឆ្ពោះទៅមុខ សម្រេចលទ្ធផលទៅតាមផែន​ការដែលបានគ្រោងទុក។

លោកបានគូសបញ្ជាក់ថា ឥឡូវនេះការអភិវឌ្ឍបានឆ្ពោះទៅមុខ យើងបានឃើញនូវជំហានបន្ទាប់ យើងត្រូវបន្តអនុវត្តទិសដៅការគ្រប់គ្រងចក្ខុវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ និងអនាម័យនៅកម្ពុជា ឱ្យមានភាពល្អប្រសើរឡើង ហើយសូមគ្រប់អង្គភាពពាក់ព័ន្ធបន្តរួបរួមគ្នា បំពេញកាតព្វកិច្ចការងារប្រកបដោយទំនួលខុសត្រូវច្បាស់លាស់ ហើយធ្វើយ៉ាងណាឱ្យលេចចេញនូវផ្លែផ្កាតាមគោលដៅ ដូចបានព្រមព្រៀងក្នុងផែនការរំពឹងទុក ធានាឱ្យបាននូវប្រសិទ្ធភាព និងប្រកបដោយចីរភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here