ការបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះនៅប្រទេសចិនជំរុញឱ្យអ្នកទិញផ្ទះសម្រុកបង់ផ្ដាច់កម្ចីមុនកំណត់

ដោយៈ សុខុម

ប៉េកាំង: ប្រទេសចិន បាននិងកំពុងបញ្ចុះអត្រា ការប្រាក់កម្ចីទិញផ្ទះចាប់តាំងពីឆ្នាំ២០២២ មកដើម្បីជំរុញការលក់ នៅក្នុងទីផ្សារអចលនទ្រព្យដែលចុះទន់ខ្សោយរបស់ខ្លួន។

ជាលទ្ធផលរហូតមកទល់ពេលនេះ វាបានជំរុញឱ្យអ្នកទិញផ្ទះសម្រុកបង់ផ្ដាច់កម្ចីមុនកំណត់ ប៉ុន្តែទន្ទឹមនេះវាក៏អាចធ្វើឱ្យប៉ះពាល់ ដល់ប្រាក់ចំណូលរបស់ធនាគារផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិភាគប៉ាន់ប្រមាណថា ប្រាក់កម្ចីទិញផ្ទះជិត៧០០ពាន់លានដុល្លារអាមេរិក ដែលជិតស្មើ១ភាគ៨ នៃកម្ចីមិនទាន់ទូទាត់សរុបរបស់ប្រទេសចិន ត្រូវបានបង់ផ្ដាច់មុនកំណត់ ចាប់តាំងពីដើមឆ្នាំ២០២២ នៅពេលធនាគារនានានា ចាប់ផ្តើមបញ្ចុះអត្រាការប្រាក់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ។

ម្ចាស់ផ្ទះដែលទិញបង់រំលស់ជាមួយ ធនាគារក្នុងអត្រាការប្រាក់ខ្ពស់ជាងក្នុងពេលប៉ុន្មានឆ្នាំមកនេះ បាននិងកំពុងដកលុយសន្សំផ្ទាល់ខ្លួនរបស់ពួកគេ ឬខ្ចីប្រាក់ពីធនាគារផ្សេង ដែលមានអត្រាការប្រាក់ទាប ជាងក្រោមកម្មវិធីជំរុញសេដ្ឋកិច្ច យកទៅបង់ផ្ដាច់ផ្ទះ ឬដើម្បីសល់លុយខ្លះទុកបើកមុខរបររកស៊ីថ្មី។

កត្តានេះបានគំរាមកំហែងដល់ប្រាក់ចំណេញ របស់ធនាគារនានាលើកម្ចីទិញផ្ទះ ដែលគ្របដណ្ដប់ប្រមាណ៣០% នៃកម្ចីមិនទាន់ទូទាត់នៅធនាគារធំៗបំផុតទាំង៥របស់ប្រទេសចិន គិតមកទល់នឹងខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុ ចុងក្រោយរបស់ធនា​គារទាំងនោះ។

ទោះជាយ៉ាងណា វាក៏ឆ្លុះបញ្ចាំងផងដែរថា តើការបញ្ចុះអត្រាការប្រាក់កម្ចីទិញផ្ទះ និងវិធានការផ្សេងៗទៀត អាចជួយស្រោចស្រង់វិស័យអចលនទ្រព្យដែលកំពុងធ្លាក់ចុះរបស់ប្រទេសចិន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោ​យសារតម្រូវការដាំក្បាលចុះ និងវិបត្តិសាច់ប្រាក់នៅបណ្ដា ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗបានដោយរបៀបណា។

ជាក់ស្ដែង វិស័យអចលនទ្រព្យចិន មិនទាន់ងើបឡើងវិញគួរឱ្យកត់សម្គាល់នោះឡើយ ដោយទិន្នន័យថ្មីៗនេះបង្ហាញថា ទីផ្សារនេះកំពុងតែព្យាយាមធ្វើយ៉ាងណាឱ្យមានស្ថិរភាពឡើងវិញ។

ក្រុមអ្នកវិភាគរំពឹងថា ការងើបឡើងវិញពិតប្រាកដ នឹងកើតមានឡើងនៅក្នុងឆមាសទី៤ ចុងឆ្នាំ២០២៣ នេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here