អ្នកវិភាគ: ប្រទេសចិននឹងនាំចូលប្រេងឆៅដ៏ច្រើននៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមអ្នកវិភាគអះអាងថា ប្រទេសចិននឹងនាំចូលប្រេងឆៅ ក្នុងបរិមាណ ដ៏ច្រើននៅឆ្នាំ២០២៣នេះ ដោយសារការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈដើម្បីធ្វើដំណើរ ក្រោយរដ្ឋាភិបាលចិន បានលុបចោលវិធានការសូន្យកូវីដ។

ការរំពឹងទុកនៃតម្រូវការដ៏ច្រើនរបស់ប្រទេសចិន នឹងក្លាយជាកត្តាដ៏មានក្តីសង្ឃឹមមួយទៀត សម្រាប់ទីផ្សារប្រេងដែលទ្រទ្រង់ ដោយការកាត់បន្ថយទិន្នផលរបស់អង្គការ OPEC+ និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើការនាំចេញប្រេងរបស់រុស្ស៊ី។

ការនាំចូលប្រេងឆៅរបស់ប្រទេសចិន អាចកើនឡើងចន្លោះពី៥០ម៉ឺន ទៅ១លានបារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣នេះរហូតដល់១១,៨លានបារ៉ែលក្នុងមួយថ្ងៃ បើធៀបនឹងការធ្លាក់ចុះកាលពី២ឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Sun Jianan អ្នកវិភាគប្រចាំនៅក្រុមហ៊ុន Energy Aspects បានវាយតម្លៃថា “តម្រូវការប្រេងសាំង និងឥន្ធនៈយន្តហោះនឹងមានកំណើ​នប្រហែល៥០ភាគរយ និង៣០ភាគរយរៀងៗគ្នា ហើយការប្រើប្រាស់ប្រេងឥន្ធនៈ នឹងកើនឡើងដល់៩០ភាគរយ នៃកម្រិតមុនវិបត្តិកូវីដ-១៩ នៅចុងឆ្នាំ២០២៣នេះ”។

លោក Mia Geng អ្នកវិភាគប្រចាំនៅក្រុមហ៊ុន FGE និងលោក Sun Jianan បានមានប្រសាសន៍ថា “តម្រូវការប្រេងម៉ាស៊ូត ដែលជាឥន្ធនៈឧស្សាហកម្ម និងដឹកជញ្ជូនដ៏សំខាន់ និងគីមីឥន្ធនៈ អាចនឹងកើនឡើងយឺតជាងមុន ដោយសារវាត្រូវចំណាយពេលយូរ សម្រាប់ការងើបឡើងវិញនៅក្នុងវិស័យផលិតកម្ម និងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។

លោក Wang Zhuwei អ្នកវិភាគប្រចាំនៅក្រុមហ៊ុន S&P Global Commodity Insight បានអះអាងថា “ការជំរុញសេដ្ឋកិច្ច រួមជាមួយនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំនេះ នឹងកំណត់ដំណាក់កាលសម្រាប់ការងើបឡើងវិញ នៃការប្រើប្រាស់ប្រេងម៉ាស៊ូតដ៏រ៉ឹងមាំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here