ផលិតភាពថាមពលសូឡារបស់ប្រទេសចិនកើនឡើងខ្ពស់បំផុត មិនធ្លាប់មានក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

សិង្ហបុរី: តាមការរំពឹងទុកប្រទេសចិន នឹងបន្ថែមសមត្ថភាពផលិតថាមពលសូឡា (ពន្លឺព្រះអាទិត្យ) ចន្លោះពី៩៥ជីហ្គាវ៉ាត់ (GW) ទៅ១២០ជីហ្គាវ៉ាត់ (GW) ក្នុងឆ្នាំ២០២៣ ឬស្មើនឹង៣០%នៃសមត្ថភាពផលិតថាម​ពលសូឡាសរុបក្នុងប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ។

សមាគមអ្នកផលិតថាមពលសូឡាមួយ ដែលមានមូលដ្ឋាននៅប្រទេសចិន បានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ថា នេះនឹងក្លាយជាការបង្កើនសមត្ថភាព ផលិតថាមពលសូឡាប្រចាំឆ្នាំ ក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មាន។

ទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសចិន ដែលជាអ្នកផលិតនូវផលិ​តផលសូឡា និងជាអ្នកផលិតថាមពលសូឡា ដ៏ធំបំផុតរបស់ពិភពលោក ផលិតថាមពលសូឡាថ្មី បានរហូតដល់ទៅ៨៧,៤១ជីហ្គាវ៉ាត់ (GW) ក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យសមត្ថភាពផលិតថាមពលសូឡា សរុបក្នុងប្រទេសនេះឈានដល់៣៩២,៦១ជីហ្គាវ៉ាត់ (GW)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Wang Bohua ប្រធានកិត្តិយសនៃសមាគមឧស្សាហកម្មថាមពលសូឡាចិន (CPIA) បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា “ការអភិវឌ្ឍស្ថានីថាមពលសូឡាក្នុងប្រទេសចិន នៅតែបន្តប្រឈមបញ្ហាមួយចំនួន ទោះបីជាការចំណាយលើការវិនិយោគ មានការថយចុះបន្តិចក្ដី”។

ឧបសគ្គទាំងនោះ រួមមានទាំងអាជ្ញាធរមូលដ្ឋានមួយចំនួន តម្រូវឱ្យដំឡើងកន្លែងផ្ទុកថាមពល រួមជាមួយស្ថានីយថាមពលសូឡា និងការរឹតបន្តឹងលើការប្រើប្រាស់ដីធ្លី និងទឹកផងដែរ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង ខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីការពារដីកសិកម្ម។

ខណៈសមត្ថភាពផលិតថាមពល ពន្លឺសូឡារបស់ប្រទេសចិន កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស បណ្ដាអ្នកនាំចេញផលិតផលថាមពលសូឡារបស់ខ្លួន កំពុងប្រឈមមុខនឹងជម្លោះពាណិជ្ជកម្ម និងការប្រកួតប្រជែងកាន់តែស្វិតស្វាញនៅឯនាយសមុទ្រ ដូចជា នៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសឥណ្ឌា ជាដើម៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here