តម្លៃផ្ទះថ្មីនៅប្រទេសចិនចាប់ផ្តើមងើបឡើងវិញជាលើកដំបូងកាលពី ខែមករាកន្លងទៅ

ដោយ: គង់ លាងហួរ

ប៉េកាំង: តម្លៃផ្ទះថ្មីនៅប្រទេសចិន បានកើនឡើងក្នុងខែមករាជាលើកដំបូងក្នុងមួយឆ្នាំ ខណៈតម្រូវការត្រូវបានជំរុញ ដោយការបញ្ចប់វិធានការសូន្យកូវីដ គោលនយោបាយអចលនទ្រព្យ និងការរំពឹងទុកទីផ្សារសម្រាប់វិធានការជំរុញបន្ថែមទៀត។

តម្លៃផ្ទះថ្មីនៅក្នុងខែមករា បានកើនឡើង០,១ភាគរយ ពីមួយខែទៅមួយខែ ធៀបនឹងការធ្លាក់ចុះ០,២ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមការគណនារបស់សារពត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងសំខាន់ៗជាច្រើនទៀត ស្ថិតក្នុងចំណោម៧០ទីក្រុង ដែលត្រូវបានស្ទង់មតិដោយ NBS បានរាយការណ៍ពីការកើនឡើងនៃតម្លៃផ្ទះថ្មីកាលពីខែមុន ជាមួយនឹងការកើនឡើងនៅក្នុងទីក្រុងចំនួន៣៦ ធៀបនឹង១៥ទីក្រុង កាលពីខែធ្នូ ឆ្នាំមុន។

វិស័យអចលនៈទ្រព្យ ដែលធ្លាប់ជាម៉ាស៊ីននៃសេដ្ឋកិច្ចដ៏ធំជាងគេរបស់ប្រទេសចិន ត្រូវបានរំខានដោយតម្រូវការដ៏ផុយស្រួយ និងការជំពាក់បំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន។

អាជ្ញាធរចិន បានដាក់ចេញនូវវិធានការជំរុញដ៏ខ្លាំងក្លាមួយ ដើម្បីជំរុញវិស័យនេះចាប់តាំងពីចុងឆ្នាំមុន រួមទាំងការលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានអចលនទ្រព្យ និងអនុញ្ញាតឱ្យទីក្រុងមួយចំនួន មានសិទ្ធិកាត់បន្ថយ ឬលុបចោលអត្រាប្រាក់កម្ចីទិញផ្ទះ អប្បបរមាសម្រាប់អ្នកទិញផ្ទះលើកដំបូង។

ទីក្រុងប៉េកាំងអាចនឹងដាក់ចេញនូវវិធានការ បន្ធូរបន្ថយបន្ថែមទៀត ដើម្បីធ្វើឱ្យវិស័យនេះមានភាពរស់រវើក ជាពិសេសក្នុងអំឡុងពេល ឬបន្ទាប់ពីកិច្ចប្រជុំសភាប្រចាំឆ្នាំ ដែលគ្រោងនឹងចាប់ផ្តើមនៅដើមខែមីនា ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here