ធនាគារពិភពលោកគាំទ្រគំរោងកែលំអរការគ្រប់គ្រងសំណល់ររ៉ឹង  និងផ្លាស្ទិកនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ កិច្ចប្រជុំបេសកកម្មវាយតម្លៃបឋម(Pre-Appraisal)បានធ្វើឡើងកាលពីថ្ងៃទី១៤ កុម្ភៈ លើគម្រោងកែលម្អការគ្រប់គ្រងសំណល់រឹង និង ផ្លាស្ទិកនៅកម្ពុជា ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក។

កិច្ចប្រជុំនេះដឹកនាំដោយលោកកឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារ គម្រោងចូលរួមកិច្ចប្រជុំបេសកកម្មវាយតម្លៃបឋម (Pre-Appraisal) នៃគម្រោងកែលម្អការគ្រប់គ្រង សំណល់រឹង និងផ្លាស្ទិកនៅកម្ពុជា ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារពិភពលោក ដោយមានការចូលរួមពីលោកស្រីKatelijn van den Berg ប្រធានក្រុមការងារធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Yewande Awe និងលោក Klaus Sattler សហប្រធានក្រុមការងារធនាគារពិភពលោក និងសហការី។

អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស លើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន ទី១ ការបញ្ចប់លទ្ធផល សូចនាករ និងការរៀបចំធាតុផ្សំសំខាន់ៗនៃសមាសភាគគម្រោងទាំងបី ទី២ ការបញ្ចប់សកម្មភាពការងារ ការចំណា​យផ្សេងៗ សម្រាប់សមាសភាគគម្រោងទាំងបី ក្នុងនោះមានសមាសភាគនៃគម្រោងការគ្រប់ គ្រងហិរញ្ញវត្ថុ(FM) និងការរៀបចំកញ្ចប់លទ្ធកម្មរួមទាំងផែនការដកសាច់ប្រាក់ និងផែនការលទ្ធកម្ម ទី៣ ការបញ្ចប់ការរៀបចំការងារអនុវត្តសម្រាប់ភ្នាក់ងារអនុវត្ត (Implementation Agencies) និងភ្នាក់​ងារប្រតិបត្តិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៤ ការបញ្ចប់ឯកសារក្របខ័ណ្ឌបរិស្ថាន និងសង្គម ៥) ការរៀបចំសម្រាប់ការចចារហិរញ្ញប្បទាន និងការកំណត់ពេលវេលាសម្រាប់ការបញ្ចប់ជំហាននៃការរៀបចំគម្រោង ដើម្បីបំពេញលក្ខខណ្ឌវាយតម្លៃ រួមទាំងការបញ្ចប់នៃសៀវភៅណែនាំប្រតិបត្តិការគម្រោង និងទី៦ ការពិនិត្យកិច្ចព្រមព្រៀងលើកាលបរិច្ឆេទបណ្តោះអាសន្ន សម្រាប់ការចចារគម្រោងផងដែរ។

លោកកឹម បូរីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមការងារគម្រោងដែលបានសហការសម្របសម្រួល ជាមួយធនាគារពិភពលោក និងភាគីពាក់ព័ន្ធ ក្នុងការជំរុញការរៀបចំគម្រោងនាពេលកន្លងមក ជាពិសេស សហសេវិកធនាគារពិភពលោក ដែលតែងតែជួយជ្រោមជ្រែងក្រសួងសាធា​រណការ និងដឹកជញ្ជូន លើវិស័យគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ និងការគ្រប់គ្រងសំណល់រឹង និងបានថ្លែងអំណរគុណចំពោះក្រុមការងារគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្លាំងក្លាក្នុងការអនុវត្តកិច្ចការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យលេចចេញនូវសមិទ្ធផល ជាផ្លែផ្កាល្អប្រសើរលើគម្រោងមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here