តម្រូវការដីឧស្សាហកម្មសម្រាប់ជួលនៅវៀតណាម នៅតែកើន ឡើងខ្ពស់ក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

ហូជីមិញ: ក្រុមអ្នកជំនាញលើកឡើងថា ដីឧស្សាហកម្មសម្រាប់ជួលក្នុងប្រទេសវៀតណាម នឹងនៅតែមានតម្រូវការខ្ពស់ក្នុងឆ្នាំ២០២៣ នេះដោយសារគោលនយោបាយ ជំរុញលើកទឹកចិត្តការវិនិយោគក្នុងប្រទេស។

របាយការណ៍របស់សាជីវកម្ម នៃមូលបត្រវៀតណាម SI Securities Corporation បង្ហាញថា ដោយសារការផ្គត់ផ្គង់ខ្វះខាត មានការរំពឹងទុកថា តម្លៃជួលសម្រាប់ដីឧស្សាហកម្ម នឹងបន្តហក់ឡើងជាមធ្យម ចន្លោះពី៨%ទៅ២០%ក្នុងឆ្នាំ២០២៣ អាស្រ័យលើតំបន់។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ។

របាយការណ៍ដដែលបង្ហាញថា កាលពីឆ្នាំមុន ការជួលអចលនទ្រព្យឧស្សាហកម្មបានកើនឡើងជាមធ្យម១០% ដោយសារតែមានតម្រូវការខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Trang Minh Hà ប្រធានក្រុមហ៊ុន North Stars Asia លើកឡើងថា នៅវៀតណាម ការជួលអចលនទ្រព្យឧស្សាហកម្ម មានតម្រូវការកើនឡើង ហើយថ្លៃជួលក៏ហក់ឡើងដែរ ជាពិសេសសម្រាប់ភ័ស្ដុភារ និងឃ្លាំង។

លោកស្រីបានបន្ថែមថា តម្រូវការដីឧស្សាហកម្មបានកើនឡើង ខណៈអត្រាជួល នៅតាមបណ្ដាមជ្ឈមណ្ឌលឧស្សាហកម្ម បានកើនឡើងជិត១០០%។

យោងតាមក្រុមហ៊ុនផ្ដល់សេវាកម្ម អចលនទ្រព្យពិភពលោក Cushman and Wakefield ឱ្យដឹងថា តម្លៃជួលជាមធ្យមសម្រាប់ដីឧស្សាហកម្មនៅតំបន់ភាគខាងត្បូង នៃប្រទេសវៀតណាម នេះគឺ១៥៩ដុល្លារ ក្នុង១ម៉ែត្រការ៉េក្នុងត្រីមាសចុងក្រោយ នៃឆ្នាំ២០២២ ដោយកើនឡើង៣%ធៀបនឹងត្រីមាសទី៣ និង១០%បើធៀបនឹងឆ្នាំ។

ថ្លៃឈ្នួលខ្ពស់បំផុតនៅទីក្រុងហូជីមិញ គឺ៣០០ដុល្លារ ក្នុង១ម៉ែត្រការ៉េ។ អត្រាជួលបានកើនឡើងពី៩១%ដល់៩២%។ ថ្លៃឈ្នូលជាមធ្យមនៅខេត្ត Binh Duong និងខេត្ត Long An គឺ១៨០ដុល្លារ ក្នុង១ម៉ែត្រការ៉េ។

យោងតាមក្រសួងផែនការ និងវិនិយោគបង្ហាញថា ប្រទេសវៀតណាម មានសួនឧស្សាហកម្មសរុបចំនួន២៩២កន្លែង ដែលគ្របដណ្ដប់លើផ្ទៃដីសរុប៨៧.១០០ហិកតា និងចំនួន១០៦កន្លែងទៀត កំពុងស្ថិតក្រោមដំណើរការសាងសង់។

សួនឧស្សាហកម្មទាំងនេះ មានក្រុមហ៊ុនក្នុងស្រុកចំនួន១០.០០០ក្រុមហ៊ុន និងក្រុមហ៊ុនបរទេសចំនួន១១.០០០ក្រុមហ៊ុន ដែលបានបោះទុនវិនិយោគជាង៣៤០ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុន Cushman and Wakefield បានលើកឡើងថា ប្រទេសវៀតណាម បន្តក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់បណ្ដាវិនិយោគិនអចលនទ្រព្យឧស្សាហកម្ម៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here