ក្រសួងសាធារណៈការកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយលើការដឹកជញ្ជូនលើផ្លូវទឹក គោក និងផ្លូវដែកនៅកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងរៀបចំសេចក្តីព្រាងគោ​លនយោបាយជាតិស្តីពី ការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែកកម្ពុជា។

លោកវ៉ាស៊ីម សូរិយាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹក ជញ្ជូនបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលស្ដីពី ការដឹកជញ្ជូនទំនិញគ្រោះថ្នាក់កាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ជាមួយគ្នានេះ ក្រសួងកំពុងរៀបចំប្រកាសស្តីពី ការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ និងឯកសារគតិយុត្តផ្សេងៗទៀត ដើម្បីគ្រប់គ្រងការដឹកជញ្ជូនទំនិញ និងទំនិញគ្រោះថ្នាក់ឱ្យមានប្រសិទ្ធភាព។

លោកបន្តថា ក្រសួងកំពុងស្វែករកជំនួយថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីជំរុញការងារគ្រប់គ្រងទំនិញគ្រោះថ្នាក់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងអនុលោមភាពជាអន្តរជាតិ។ ជាក់ស្តែងនៅថ្ងៃនេះ ក្រសួងបានរួមសហការជាមួយ ទីភ្នាក់ងារJICA រៀបចំ សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ ឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពធនធានមនុស្ស លើការដឹកជញ្ជូនទំនិញគ្រោះថ្នាក់។

សិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយទស្សនទានទូទៅ ទាក់ទងនឹងបញ្ញត្តិនានារបស់ប្រទេសសមា​ជិកអាស៊ានពាក់ព័ន្ធ នឹងការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ តាមផ្លូវថ្នល់ និងដើម្បីបញ្ជ្រាបការយល់ដឹង ពីការគ្រប់គ្រងការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ ក៏ដូចជាពង្រឹងសមត្ថភាព ដល់មន្ត្រីជំនាញ ក្រុមហ៊ុនសមាគមដឹកជញ្ជូន សំដៅលើកកម្ពស់ការយល់ដឹង អំពីការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ ឱ្យកាន់តែទូលំទូលាយ។

លោកអនុរដ្ឋលេខាធិការ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ នឹងជួយជំរុញឱ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ និងលើកកម្ពស់ការយល់ដឹង អំពីការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ឱ្យកាន់តែទូលំទូលាយ ព្រោះការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ជាផ្នែកមួយមិនអាចខ្វះបាន ក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា ក៏ដូចជាវិស័យសេដ្ឋកិច្ចទាំងមូលផងដែរ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here