សេដ្ឋកិច្ចទីក្រុងហុងកុងកំពុងងើបឡើងវិញ ស្របពេលភ្ញៀវទេសចរចិនដីគោកសម្រុកចូលទីក្រុងនេះឡើងវិញ

ដោយ: គង់ លាងហួរ

ភ្នំពេញ: សេដ្ឋកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) កំពុងទទួលបានការជំរុញពីការកើនឡើង នៃការចំណាយលក់រាយរបស់ភ្ញៀវទេសចរមកពីចិនដីគោក បន្ទាប់ពីមានការចាប់ផ្តើមបើកព្រំដែនឡើងវិញកាលពីថ្ងៃទី៦ ខែកុម្ភៈ។

លោក Paul Chan Mo-po លេខាធិការហិរញ្ញវត្ថុហុងកុង បានឱ្យដឹងនៅក្នុងប្លុករបស់លោកថា ចំនួនភ្ញៀវទេសចរចិន បានទៅកាន់ទីក្រុងហុងកុងពីចិនដីគោក និងពិភពលោកទាំងមូលកំពុងងើបឡើងវិញ ដោយជំរុញឱ្យមានការលក់រាយក្នុងស្រុក ទេសចរណ៍ អាជីវកម្មសណ្ឋាគារ និងភស្តុភារដែលកំពុងកើនឡើង។

យោងតាមទិន្នន័យចុងក្រោយ ពីនាយកដ្ឋានអន្តោប្រវេសន៍របស់ហុងកុងបានបង្ហាញថា ចំនួនភ្ញៀវទេសចរចិនដីគោកជិត៥០.០០០នាក់ បានធ្វើដំណើរមកដល់ទីក្រុងហុងកុង កាលពីថ្ងៃសៅរ៍កន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងនោះដែរ គេមើលឃើញថា ភ្ញៀវទេសចរជាច្រើនបានឈរតម្រង់ជួរគ្នាទិញឥវ៉ាន់ នៅមុខហាងលក់ទំនិញក្នុងតំបន់ ដូចជា ហាង Tsim Sha Tsui ជាដើម។

យោងតាមភ្ញៀវទេសចរម្នាក់មានត្រកូល Zhang ដែលបានធ្វើដំណើរមកពីទីក្រុង Guangzhou ខេត្ត Guangdong  បានមានប្រសាសន៍ថា លោកស្រីបានចំណាយប្រាក់ជាង៦០.០០០ដុល្លារហុងកុង(៧៦៤៤,៥ដុល្លារ) ដើម្បីទិញស្បែកជើង ទឹកអប់ និងកាបូប។

លោកស្រី Zhang បានបន្តថា “យើងចំណាយពេលត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះដើម្បីធ្វើដំណើរពីទីក្រុង Guangzhou ទៅទីក្រុងហុងកុង តាមរយៈប្រព័ន្ធរថភ្លើងល្បឿនលឿន ហើយការដើរទិញឥវ៉ាន់នៅហុងកុង គឺមានភាពងាយស្រួលដូចនៅទីក្រុង Guangzhou ដែរ”។

ទីផ្សារលក់រាយរបស់ទីក្រុងហុងកុង កំពុងងើបឡើងវិញ ចាប់តាំងពីចុងឆ្នាំ២០២២ ជាមួយនឹងតួលេខចុងក្រោយបំផុត បង្ហាញពីភាពប្រសើរឡើង នៃការចំណាយលើអាជីវកម្មម្ហូបអាហារ ដោយភោជនីយដ្ឋានជាច្រើននៅហុងកុង ទទួលបានប្រាក់ចំណូលចំនួន៩ពាន់លានដុល្លារហុងកុង ដែលបំបែកកំណត់ត្រា មិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here