កម្ពុជានាំចេញអង្ករជិត៤ម៉ឺនតោនជាមួយតម្លៃជិត៣០លានដុល្លារ ក្នុងខែមករា ដើមឆ្នាំនេះ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញអង្ករបានចំនួន ៣៦,៩០០តោន ដែលគិតជាទឹកប្រាក់មានចំនួន២៨.៨៣​លាន​ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ទីផ្សារអន្តរជាតិចំនួន៣៤គោលដៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធ​ស្រូវអង្ករកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងទៀតថា ប្រទេសគោលដៅទាំងនោះ រួមមាន៖ តំបន់សហគមន៍អឺរ៉ុបចំនួន២០ ប្រទេសស្មើនឹង៤៨% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួន១៧,៧៩៥តោន ដែលស្មើនឹងទឹកប្រាក់ចំនួន១៣,៤៤លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកប្រទេសចិន និងហុងកុង គ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជាចំនួន ៤១% ដែលមានបរិមាណចំនួន១៥,០៤៥ តោន ដែលស្មើនឹងទឹកប្រាក់ចំនួន១១,៧៧ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសអាស៊ានចំនួន២ មាន ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ចំនួន១,៨៧១តោន ដែលគិតជាទឹកប្រាក់មានចំនួន១,០៩លានដុល្លារសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះគោលដៅផ្សេងៗ ចំនួន៧រួមមាន ប្រទេសហ្កាប៊ុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន រុស្សី និងអារ៉ាបីតសាអូឌីត ចំនួន ២ ១៨៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន២,៥៣ លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ដោយសារការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ក្នុងខែមករា ប្រមាណជាជិត ២សប្តាហ៍នៅប្រទេសចិន ធ្វើឲ្យមានការយឺតយ៉ាវក្នុងនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសចិន និងធ្វើឲ្យការនាំចេញសរុបមានការថយចុះផងដែរ។

ចំពោះប្រភេទអង្ករនាំចេញ កម្ពុជាបានធ្វើការនាំចេញអង្ករក្រអូបប្រណី​ត «ម្លិះអង្គរ» ចំនួន២២,៨១០តោន អង្ករសែនក្រអូបចំនួន៩, ៣៥៨ តោន អង្ករស ធម្មតាចំនួន១,៧២១តោន អង្ករចំហុយចំនួន១,៨៦៧ តោន អង្ករសរីរាង្គចំនួន១,១៤៤ តោន។

ចំណែកការនាំស្រូវចេញសម្រេចបានចំនួន២៥២, ៧១៤តោន ហើយបើសរុបតម្លៃនៃការនាំចេញអង្ករ និងស្រូវ បានទឹកប្រាក់ចំនួន៩២លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here