ដើមឆ្នាំ២០២៣ CDC អនុម័តគម្រោងថ្មីជាង២០សុទ្ធតែជាគម្រោង វិនិយោគរោងចក្រ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញគម្រោងចំនួន២១ ត្រូវបានអនុម័តជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២៣នេះ ប៉ុន្តែជាការកត់សម្គាល់គម្រោងទាំងនោះ សុទ្ធតែជាគម្រោងវិនិយោគរោងចក្រឧស្សាហកម្មទាំងអស់ ដែលមានទុនវិនិយោគក្រោម១០លានដុល្លារក្នុងមួយគម្រោង។

សេចក្ដីប្រកាសព័ត៌មានដដែលនេះឱ្យដឹងថា គម្រោងទាំង២១នេះមានទុនវិនិយោគជាង១៥០លានដុល្លាមេរិក ក្នុងនោះយើងឃើញថាគម្រោងធំជាងគេ មានទឹកប្រាក់ចំនួន៣៦,៦លានដុល្លារអាមេរិក គឺជាគម្រោងគម្រោងបង្កើតរោងចក្រកាត់ ដេរសម្លៀកបំពាក់ និងស្បែកជើងមានទីតាំងនៅស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។ ក្រៅពីនោះសុទ្ធតែជាគម្រោងមានទឹកប្រាក់១០លានដុល្លារចុះក្រោម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងភាគច្រើនដែលបានអនុម័ត ក្នុងរយៈពេលជាង១ខែកន្លងមកនេះ គឺមានទីតាំងវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយក្នុងចំណោមគម្រោងទាំង២១ ខេត្តកំពង់ស្ពឺមានគម្រោងចំនួន៩គម្រោង ក្រៅពីនោះមាននៅខេត្តកណ្ដាល ស្វាយរៀង តាកែវ ព្រះសីហនុ និងរាជធានីភ្នំពេញ ។

លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះឱ្យដឹងថា បច្ចុប្បន្នតំបន់មួយចំនួនក្នុងខេត្តកំពង់ស្ពឹបានកែប្រែ ពីតំបន់កសិកម្មទៅជាឧស្សាហកម្ម និងកំពុងទាក់ទាញការវិនិយោគ លើគម្រោងឧស្សាហកម្មជាច្រើនទៀត ។

លោកបន្តថា “ការវិនិយោគលើឧស្សាហកម្ម ជាបន្តបន្ទាប់បានជំរុញឱ្យតម្លៃដីធ្លី នៅក្នុងខេត្តកំពង់ស្ពឺឡើងថ្លៃ ជាបន្តបន្ទាប់ និងបានកែប្រែជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺបានមួយកម្រិតផងដែរ តាមរយៈការឡើងថ្លៃដី និងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន”។

លោកវ៉ី សំណាងជឿជាក់ថា នៅពេលអនាគត ខេត្តមួយនេះនឹងទទួលបានការវិនិយោគបន្ថែមទៀត ស្របនឹងរដ្ឋបាលខេត្ត ក៏ត្រៀមលក្ខណៈសម្ប​ត្តិ ក្នុងការសម្របសម្រួលអ្នកវិនិយោគចូលមកថ្មីៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here