មន្ត្រីចិន: កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ចិន-កម្ពុជា សម្រេចបានសមិទ្ធិផលផ្លែផ្កាជាលំដាប់

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រសួងពាណិជ្ជកម្មចិន បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជាបានទទួលលទ្ធផលជាផ្លែផ្កា នៅរយៈពេលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មានចិន Xinhua នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកស្រី Shu Jueting អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនបានមានប្រសាសន៍ថា ប្រទេសចិនបានបន្តជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា ក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នា ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង១៧,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់១៦,០២ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Shu Jueting បានបន្តថា ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) បានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ សេរីភាវូបនីយកម្ម និងការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរត្រូវបានពង្រឹងឡើងកាន់តែខ្លាំង។

លោកស្រី Shu បានបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-កម្ពុជាកំពុងរីកចម្រើនជាលំដាប់ ដោយគ្របដណ្តប់លើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វាយនភ័ណ្ឌ និងកាត់ដេរ ការកែច្នៃ និងផលិតកម្ម និងកសិកម្ម”។

លោកស្រីបន្ថែមថា “នៅចុងឆ្នាំ២០២២កន្លងទៅ បណ្តាសហគ្រាសចិននានាបានបោះទុនវិនិយោគ ជាង១០ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា។

ដោយកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ហើយក៏ជាឆ្នាំមិត្តភាពចិន-កម្ពុជាផងដែរ លោកស្រី Shu បានសន្យាថា ភាគីចិននឹងធ្វើការជាមួយក្រសួងពាក់ព័ន្ធនានាក្នុងប្រទេសកម្ពុជា និងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេរភាគីឱ្យឈានដល់កម្រិតថ្មីមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here