ក្រសួងសេដ្ឋកិច្ច ប្រមូលចំណូលសរុបបាន២៨.៨ទ្រីលានរៀលក្នុងឆ្នាំ២០២២

ដោយៈសហការី
ភ្នំពេញ៖ក្នុងឆ្នាំ ២០២២ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជានៅបន្តរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩និង​ស្ថាន​ភាពនយោបាយ និងសេដ្ឋកិច្ចសកល ការប្រមូលចំណូលរបស់ក្រសួងជារួម (ដោយមិនបូកចំណូលពន្ធដារថ្នាក់ក្រោមជាតិ)សម្រេច​បាន​លទ្ធផលល្អគួរកត់សម្គាល់ ក្នុងទំហំ ២៨.៨ទ្រីលានរៀល ស្មើនឹង ៩៩.១% ធៀបច្បាប់ (លទ្ធផលប្រចាំឆ្នាំ២០២១ សម្រេចបាន ៩៨.៥% ធៀបច្បាប់) ក្នុងនោះ ថ្នាក់កណ្ដាល សម្រេចបាន ២៨.៧៧ទ្រីលានរៀល ស្មើនឹង៩៩.១%ធៀបច្បាប់ រីឯថ្នាក់មូលដ្ឋាន សម្រេចបាន ៦៣៣.៥ ​លានរៀលស្មើនឹង ១៥៧.៦% ​ធៀបច្បាប់។

នេះជាការថ្លែងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំពិភាក្សាលើ «របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាប្រចាំឆ្នាំ ២០២២» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពាក់កណ្តាលសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថាចំណូលសារពើពន្ធ ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការ ក្នុងរង្វង់ ១១១.៥%​ធៀបច្បាប់ (គយនិងរដ្ឋាករ ១០៤.៩%, ពន្ធដារថ្នាក់ជាតិ ១១៧.៥% និងពន្ធដារថ្នាក់ក្រោមជាតិ ១២៤.៦%) ។ ដោយឡែក ចំណូលប្រមូលបានសរុបរបស់ក្រសួងទាបជាងផែនការបន្តិច ដោយសារ ចំណូលមិនមែនសារពើពន្ធនិងចំណូល​មូលធន ប្រមូលបានទាបជាងច្បាប់កំណត់ ត្រឹម ៨២.២% និង ៧១.៣% ធៀបច្បាប់រៀងគ្នា ។

សម្រាប់ការអនុវត្តចំណាយប្រចាំឆ្នាំ ២០២២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រមាណ ៩៦% នៃឥណទានថ្មី (តួលេខធានាចំណាយ) និងប្រមាណ ៨៩.៧% នៃឥណទានថ្មី (តួលេខអាណត្តិទូទាត់) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here