ទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មក្នុងក្រុងហុងកុងនឹងដាំក្បាលចុះបន្ថែមនៅឆមាសទី១ឆ្នាំនេះ

ដោយ: គង់ លាងហួរ

ហុងកុង: យោងតាមអ្នកវិភាគមួយរូប នៅក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក MSCI បានឱ្យដឹងថា ទីផ្សារវិនិយោគលើអចលនទ្រព្យ បែបពាណិជ្ជកម្មក្នុងទីក្រុងហុងកុង អាចរងផលប៉ះពាល់បន្ថែមទៀត នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ខណៈវិនិយោគិនមួយចំនួន មានការខាតបង់យ៉ាងច្រើន ដោយសារថ្លៃដើមលើប្រាក់កម្ចីហក់ឡើងកាន់តែខ្ពស់។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មាន South China Morning Post នៅថ្ងៃទី១០ ខែកុម្ភៈនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Benjamin Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មអាស៊ីនៅក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុ MSCI បានមានប្រសាសន៍ថា “ទំហំនៃការវិនិយោគអចលនទ្រព្យ នឹងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ”។លោក Chow បានបន្តថា “នៅដើមឆ្នាំមុន ផលប៉ះពាល់ពេញលេញនៃការដំឡើងអត្រាការប្រាក់ មិនទាន់សាយភាយនៅឡើយ ដូច្នេះវាទើបតែជះផលខ្លាំងនៅចុងឆ្នាំប៉ុណ្ណោះ”។

លោកបញ្ជាក់ថា “គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយអត្រាប្តូរប្រាក់របស់ទីក្រុងហុងកុង ក្នុងន័យខ្លះ មានឥទ្ធិពលយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក”។

កាលពីដើមខែនេះ អាជ្ញាធររូបិយវត្ថុហុងកុង បានដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចមូលដ្ឋាន ដល់កម្រិតខ្ពស់៥ភាគរយ ស្របតាមធនា​គារកណ្តាលអាមេរិក ដើម្បីរក្សាកម្រិតរូបិយប័ណ្ណ ក្នុងស្រុកធៀបនឹងប្រាក់ដុល្លារអាមេរិក។

ការព្យាករណ៍ដ៏ទុទិដ្ឋិនិយមរបស់លោក Chow កើតឡើង បន្ទាប់ពីកិច្ចព្រមព្រៀងលក់នៅក្រុងហុងកុង និងទីផ្សារផ្សេងទៀតនៅក្នុងតំបន់បានឆ្លងកាត់ស្ថានភាពដ៏អាក្រក់នៅឆ្នាំ២០២២។

សម្រាប់ពេញមួយឆ្នាំ២០២២ សកម្មភាពបានដាំក្បាលចុះ៤១ភាគរយ មកត្រឹមតែ៦,៧ពាន់លានដុល្លារអាមេរិក។

ការជួញដូរការិយាល័យបានបន្តធ្លាក់ចុះ ពេញមួយឆ្នាំ២០២២ ដោយសារការកើនឡើង នៃអត្រាការប្រាក់បានធ្វើឱ្យអត្រាជួល សម្រាប់ការិយាល័យដាំក្បាលចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here