ធនាគារកណ្ដាលវៀតណាមរឹតបន្តឹងឥណទានក្នុងវិស័យដែលមាន ហានិភ័យនានា

ដោយៈ សុខុម

ហាណូយ: ទេសាភិបាលរងនៃធនាគារកណ្ដាលវៀតណាម (SBV) លោក Dao Minh Tu គូសបញ្ជាក់ថា ធនាគារនេះពិតជាបានរឹតបន្តឹងឥណទានក្នុងវិស័យ ដែលមានហានិភ័យនានាប្រាកដមែន ប៉ុន្តែលើកលែងវិស័យអចលនទ្រព្យ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ។

លោក Dao Minh Tu បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំជាមួយបណ្ដាធនាគារ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម កាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ ជាការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម ពីសមាគមមួយចំនួន ដែលលើកឡើងកាលពីពេលថ្មីៗនេះថា ធនាគារកណ្តាលវៀតណាម បាន និងកំពុងរឹតបន្តឹងការផ្ដល់ឥណទានសម្រាប់វិស័យអចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទេសាភិបាលរងរូបនេះបានអះអាងថា មិនមានការចេញឯកសារ ឬសេចក្តីថ្លែងការណ៍ថ្មីណាមួយស្ដីពីបញ្ហានេះឡើយ។

លោកបានបន្ថែមថា “ធនាគារកណ្ដាលវៀតណាម បានរឹតបន្តឹងឥណទាន ក្នុងវិស័យមានហានិភ័យខ្ពស់មួយចំនួន និងផ្នែកខ្លះក្នុងវិស័យអចលនទ្រព្យដូចជាការវិនិយោគ ក្នុងបំណងទុកលក់ចេញវិញ ដើម្បីយកចំណេញ និងអចលនទ្រព្យមានតម្លៃខ្ពស់ ដែលមានចរិតលក្ខណៈបង្កពពុះអចលនទ្រព្យ ដែលអាចគំរាមកំហែងដល់សុវត្ថិភាពនៃប្រព័ន្ធនេះជាដើម”។

លោកកោតសរសើរថា វិស័យអចលនទ្រព្យស្ថិត ក្នុងចំណោមឧស្សា​ហកម្មសំខាន់ៗ ដែលបានរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម។

ទិន្នន័យរបស់ធនាគារកណ្ដាលវៀតណាម បង្ហាញថា សមតុល្យឥណទាន សម្រាប់អាជីវកម្មអចលនទ្រព្យ គ្របដណ្ដប់២១%នៃឥណទានមិនទាន់ទូទាត់សរុប ដែលមានតម្លៃប្រមាណ១០៩ពាន់ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលជាចំណែកខ្ពស់បំផុតនៅក្នុងគ្រប់ឧស្សាហកម្មទាំងអស់៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here