ស្ថាប័នចំនួន២បន្តកិច្ចសហការគ្នាក្នុងការលើកកម្ពស់វិស័យសហគ្រិន ភាពនៅកម្ពុជា

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍(NIEI) និង សហគ្រិនខ្មែរ(KE) កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះហត្ថលេខាគាំទ្រគម្រោងស្តីពី កម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣ និងកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី២។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ និងលោកបណ្ឌិតតាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍។

នៅក្នុងសន្និសីទសារព័ត៌មាន និងពិធីចុះហត្ថលេខានេះ លោកបណ្ឌិត តាន់ កុសល បានឲ្យដឹងថា ក្នុងភាពជាដៃគូនេះ ស្ថាប័នទាំងពីរ បានរួមគ្នាបង្កើតឱ្យមានកម្មវិធី ពានរង្វាន់សហគ្រិនថ្នាក់ជាតិ អស់រយៈពេល៣ឆ្នាំកន្លងមកហើយ និងបានបន្តពង្រីកភាពជាដៃគូបន្ថែមលើ កម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមដល់សហគ្រាសធុនតូច និងមធ្យម ដំណាក់កាលទី១ចំនួន១០០សហគ្រាស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណាក់កាលទី២ ចំនួន១០០សហគ្រាសបន្ថែមទៀត ក្នុងគោលបំណងលើកកម្ពស់ វិស័យសហគ្រិនភាព និងពង្រឹងប្រព័ន្ធអេកូសហគ្រិនភាពនៅកម្ពុជាតាមរយៈយន្តការ ទី១.លើកកម្ពស់លើការ យល់ដឹងជាសាធារណៈអំពីសហគ្រិនភាព ពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ទី២ ពង្រឹងសមត្ថភាពម្ចាស់សហគ្រាសធុនតូច និងមធ្យម និងការកសាងបណ្តាញ ដើម្បីផ្សារភ្ជាប់និងពង្រឹងប្រព័ន្ធអេកូ សហគ្រិនភាពថ្នាក់ខេត្តនិងជាតិ និងទី៣.ជម្រុញការចូលរួមពីសំណាក់ សហគ្រាសធុនតូចនិងមធ្យមលើការអភិវឌ្ឍសមត្ថភាពជំនាញ និងគុណភាពនៃសេវាកម្ម និងផលិត​ផល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ នាពេលអនាគត។

ជាមួយគ្នានេះ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ មានប្រសាសន៍ថា កិច្ចសហការនេះ បានដើរស្របទៅនឹងបេសកម្ម របស់សហគ្រិនខ្មែរទៅលើសកម្មភាពស្នូលចំនួន២ ដូចជា ទី១.ការបំផុស និងផ្សព្វផ្សាយ វប្បធម៍សហគ្រិនភាពទៅដល់អ្នក ដែលមានបំណងចង់ក្លាយជាសហគ្រិន នៅតាមបណ្តារាជធានីខេត្ត និងទី២ ការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រិនក្នុងស្រុក ឲ្យកាន់តែពូកែកម្រិតថ្នាក់ជាតិ និងអាចឈានទៅដល់ ការប្រកួតប្រជែងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ។

លោកបន្តថា “សហគ្រិនខ្មែរមានយុទ្ធសាស្រ្ត ពង្រីកវិសាលភាពប្រតិ​បត្តិការ ទូទាំងប្រទេសតាមរយៈការសហការ ជាមួយដៃគូរទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធ្វើការរួមគ្នាទៅលើការអនុវត្ត សកម្មភាព និងការគៀងគរថវិការមកពីប្រភពស្របច្បាប់ផ្សេងៗ ដែលជាប្រយោជន៏សម្រាប់សហគ្រិនផ្ទាល់ និង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា”។

យោងតាមរបាយការណ៍ នៃកម្មវិធីពានរង្វានសហគ្រិនថា្នក់ជាតិរយៈពេល ៣ឆ្នាំកន្លងមក មានសហគ្រិនប្រមាណ៦៥២សហគ្រាស បានដាក់ពាក្យចូលរួមយ៉ាងសកម្ម និងគាំទ្រលើគំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងគាំទ្រថវិកាដោយសហគ្រិនខ្មែរ។

លើសពីនេះ តាមរយៈ របាយការណ៍នៃកម្មវិធីបណ្តុះបណ្តាលការអភិ​វឌ្ឍសហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី១ វិទ្យាស្ថានជាតិ សហគ្រិនភាពនិងនវានុវត្តន៍ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ បានបណ្តុះបណ្តាលសហគ្រិនចំនួន១០១នាក់ និងបានផ្តល់គ្រូបង្វិកដល់ម្ចាស់សហគ្រាសចំនួន៣០សហគ្រាស ដើម្បីបន្តគាំទ្រនិងអភិវឌ្ឍម្ចាស់សហគ្រាស រយៈពេល ៥ខែបន្ថែមទៀត។

សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណង ធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់សហគ្រិនភាព តាមរយៈការគាំទ្រទាំង ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពលនៅក្នុងវិស័យ អាទិភាពដូចជាវិស័យព័ត៌មានវិទ្យា សេវាកម្ម កម្មន្តសាល និងផលិតកម្មឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់ សេដ្ឋកិច្ចជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here